លោក​ ចាន់​ ពន្លក អភិបាលរងស្រុកកំពង់សិលាដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យនិងឆែកឆេរអាវុធជាតិផ្ទុះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២​ វេលាម៉ោង២០និង ០០នាទីយប់លោក​ ចាន់​ ពន្លក អភិបាលរងស្រុក ជាតំណាងលោកសៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក រួមមានកម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកចុះត្រួតពិនិត្យនិងឆែកឆេរអាវុធជាតិផ្ទុះនៅចន្លោះគីឡូលេខ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ។
លោកចាន់ ពន្លក អភិបាលរងស្រុកបានឱ្យដឹងថា ជាលទ្ធផលកម្លាំងគណបញ្ជាការឯកភាពស្រុកបានត្រួតពិនិត្យរថយន្តចំនួន៩៨គ្រឿង ក្នុងនោះរកឃើញ អាវុធខ្លីចំនួន០១ដេីមម៉ាក GLOCK-19 លេខBHHY636 មានលិខិតបញ្ជាបេសកកម្មត្រឹមត្រូវ។ គោលដៅត្រួតពិនិត្យត្រូវបានបញ្ចប់នៅវេលាម៉ោង ២៣និង១៥នាទីយប់ថ្ងៃខែឆ្នាំដដែល។

សូមរំលឹកថា នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា “គ្មានការលេីកលែងជាដាច់ខាត​ចំពោះអ្នកធ្វើចរាចរណ៍​ជួញដូរ​ ប្រេីប្រាស់​និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់” ។
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺផ្អែកតាមសភាពការណ៍ក្រោយការបោះឆ្នោត មានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើងនៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ចបានទទួលរងរបួសស្នាមក្នុងពេលកំពុងធ្វើប្រតិបត្តិការបង្រ្កាបទៀតផង។ សភាពការណ៍មានការប្រែប្រួលបែបនេះ ហើយ ទើបតម្រូវឱ្យមានកិច្ចប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការធ្វើចរាចរណ៍ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារឱ្យយើងធ្វើការស្រាវជ្រាវរកប្រភពដើមដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។ លោកក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា យេីងគ្មានការលេីកលែងជាដាច់ខាត​ចំពោះអ្នកធ្វើចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះមុខ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងវិធានការដូចខាងក្រោម៖
១-គណៈបញ្ជាការក្រុង-ស្រុក ត្រូវរៀបចំគោលដៅបង្កើនការត្រួតពិនិត្យអាវុធ ចល័តគោលដៅ និងពេលវេលា ដើម្បីទប់ស្កាត់ការនាំចូលអាវុធពីខាងក្រៅ (មិនឱ្យដាក់ប៉ុស្តិ៍ជាដាច់ខាត)។
២-ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវបន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្រុងព្រះសីហនុ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួនជៀសវាងគ្រោះថ្នាក់។
៣-ពង្រឹងការត្រួតពិនិត្យអាវុធ បើជួបករណីអាវុធដែលមិនមានលិខិតស្នាមគ្រប់គ្រាន់តាមគោលការណ៍នៃការគ្រប់គ្រងអាវុធ គឺត្រូវយកមកសួរនាំឱ្យបានច្បាស់លាស់។
៤-បន្តអនុវត្តចំពោះទីតាំងណាដែលកើតមានការប្រើប្រាស់អាវុធ ហើយសមត្ថកិច្ចបង្រ្កាបបាននៅទីតាំងនោះ គឺត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និងត្រួតពិនិត្យទីតាំងនោះទាំងអស់៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print