ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ ភេទប្រុស សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង សោម សូរីដា ភេទប្រុស អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។
សូមបញ្ជាក់ថា ៖ នៅក្នុងពាក្យបណ្តឹងដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា សុំប្ដឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតនៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៦ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily។
ពាក្យបណ្តឹងបានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលសម្ភាសន៍ នៅនាទី ១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមាន ខ្លឹមសារថា “…លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។ នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអញចឹង ចោរលួចគោ បើវាលួចគោបីហើយ យើងម៉េចមិនឲ្យវាលួចទាំង៥ទៅ។ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។
ផ្អែកតាមខ្លឹមសារដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកាន់បំភ្លៃខុសពីការពិតថា “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ…វាមានការលួច …ចោរលួចគោអស់ ៣ នៅសល់ ២ យើងឱ្យចោរមកលួច ២ ទៀត មានអ្នកណាធ្វើបែបហ្នឹងកើត …វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ…”។ ការលើកឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ពាក្យបណ្តឹងរបស់តំណាង គ.ជ.ប បានស្នើឲ្យ, ទី១៖ ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២៖ ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។
សូមបញ្ជាក់ថា, គណបក្សប្រជាជនកម្ពុជា ប្តឹង លោក សុនឆ័យ ទាមទារសំណងជំងឺចិត្ត ១លានដុល្លារ។ លោកមេធាវី គី តិច គឺជាតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្ដឹងលោក សុន ឆ័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមពាក្យបណ្ដឹងដែលលោកចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនានេះ។ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា កន្លងទៅ បានប្រគល់សិទ្ធិជូនលោក គី តិច ឱ្យបំពេញកិច្ចជាមេធាវីតំណាងនៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការគ្រប់ជាន់ថ្នាក់។ នេះបើតាមលិខិតគណបក្សចុះហត្ថលេខាដោយសម្ដេច សាយ ឈុំ អនុប្រធានគណបក្ស។
ក្នុងពាក្យបណ្ដឹង២ទំព័រ លោក គី តិច បានរៀបរាប់ប្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អំពីខ្លឹមសារអត្ថាធិប្បាយរបស់លោក សុន ឆ័យ ក្នុងកម្មវិធី អាយឌៀថក ផ្សាយលើគេហទំព័រ ឌឹ ខេមបូឌា ដេលី បណ្ដាញសង្គម និងយូធូប។ «លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអ្វី ក៏ធ្វើបានដែរ» «លទ្ធផលហ្នឹងវាមិនឆ្លុះបញ្ជាំងពីឆន្ទៈរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង»។ ទាំងនេះជាការលើកឡើងរបស់លោក សុន ឆ័យ ហើយដែលត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជាស្រង់យកទៅប្ដឹងតុលាការ។
លោកមេធាវី គី តិច ក៏បានបង្ហាញសម្រង់សម្ដីលោក សុន ឆ័យ មួយទៀតដែរ ដែលអ្នកនយោបាយប្រឆាំងចាស់វស្សាមួយនេះបានថ្លែងថា«យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើងនិយាយអ៊ីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចមិនឱ្យវាលួចទៅទាំង៥ទៅ អានេះយើងនិយាយភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើងការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿងធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ»។
គឺការអត្ថាធិប្បាយដូចមានភ្ជាប់សម្រង់សម្ដីខាងលើនោះហើយ ដែលគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក សុន ឆ័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសំអាងថាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះបានប្រព្រឹត្ត«អំពើទុច្ចរិត អត្ថាធិប្បាយ បំភ្លឺខុសពីការពិត ផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទំលាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាដែលគណបក្សឈ្នះឆ្នោត»។
ជាការកត់សម្គាល់ក្នុងពាក្យបណ្ដឹងនោះ លោកមេធាវី គី តិច បានស្នើព្រះរាជអាជ្ញា នៃអយ្យការការអមសាលាដំបូងរាជធានីភ្នំពេញពិនិត្យសម្រេចចោទប្រកាន់ និងផ្ដន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងបានទាមទារឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជាចំនួន៤ពាន់លានរៀល ឬស្មើនឹងប្រមាណ១លានដុល្លារអាមេរិក ៕
ដោយ : សិលា