ភ្នំពេញ÷ កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីលោក កឹម សុខា បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ក្រុមសម រង្សី៖ លោកអ្នកខ្វះសច្ចភាព ខ្វះការទទួលខុសត្រូវ មើលងាយអ្នកគាំទ្រខ្លួន ដោយមិនទទួលថា ខ្លួនជាអ្នកបោះបង់ វាយប្រហា ព្យាយាមកំចាត់ និងដើរចេញពីលោក កឹម សុខា ដោយភាពឈ្នានិសគិតខ្លី។ យើងហ៊ានរិះគន់លោកអ្នកជាចំហរ យើងហ៊ានបង្ហាញកំហុសលោកអ្នក យើងមានសច្ចភាព យើងហ៊ាននិយាយ និងទទួលការពិត។ ការដែលលោកអ្នកគ្មានសច្ចភាពនេះហើយ ដែលធ្វើអោយយើងចែកផ្លូវគ្នាជាស្ថាពរ»។
ដូច្នេះគ្មានអ្វីសង្ស័យទៀតទេចំពោះសម្ព័ន្ធភាពរវាងលោកសមរង្ស៊ីនិងលោកកឹមសុខា។ ក្នុងនោះសូម្បីតែលោកកឹមសុខាផ្ទាល់ក៏បានមានប្រសាសន៍អំពីការដើរដល់ផ្លូវបំបែកនោះផងដែរ។ ដោយសារតែដល់ចំនុចបំបែកហើយទើបមានការវាយប្រហារគ្នាទៅវិញទៅមករវាងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលមានភាគីខាងលោកកឹមសុខានិងលោកសមរង្ស៊ី។ វាស្ថិតនៅក្នុងស្ថានភាពដូចទឹកនឹងប្រេងដែលមិនអាចចូលគ្នាបាននោះឡើយ។
ថ្មីៗនេះបើតាមលោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា អះអាងថា លោក សម រង្ស៉ី ក្បត់សម្ព័ន្ធភាពនយោបាយ និងដៃគូនយោបាយជាមួយលោក កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា នាយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧មកម្ល៉្លេះ ដែលទង្វើនេះ មាន ១៥ចំណុចរួមមាន៖
ទី១, លោក សម រង្ស៉ី បានប្រមាថលោក កឹម សុខា ថា ជាប់គុកសប្បនិម្មិត្ត ជាប់គុកក្លែងក្លាយ ជាប់គុកឥតប្រយោជន៍។ ទី២, ជាន់ឈ្លីប្រមាថលោក កឹម សុខា ដោយយកសេរីភាពទៅធ្វើជាល្បែងភ្នាល់លេងសើច។ ទី៣, បង្កើតចលនាសង្រ្គោះជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល ប្រកាសចាត់ទុកជា “ចលនាឧទ្ទាមក្រៅច្បាប់” ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ទី៤, ដណ្តើមអំណាចចូលកាន់កាប់គណៈកម្មការចំពោះកិច្ច របស់អតតីគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ ទី៥, លោក សម រង្ស៉ី បង្កើតក្រុមឆ្កែញីកាច និងក្រុមលាបពណ៌ ឬហៅថា “ក្រុមថ្នាំលាប U90” ដើម្បីវាយប្រហារ ប្រមាថ ចោទ និងលាបពណ៌លោក កឹម សុខា។
ទី៦, បានដឹកនាំធ្វើបក្សប្រហារ ដោយរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងច្បាប់ ស្តីពី គណបក្សនយោបាយ។ ទី៧, រៀបចំផែនការ ៩ វិច្ឆិកា ២០១៩ ដោយមានចេតនាភ្ជាប់ផែនការខុសច្បាប់នេះ ជាមួយលោក កឹម សុខា។ ទី៨, ប្រកាសផែនការវិលត្រឡប់លើកទី ២ និងរៀបចំផែនការស៊ីនំបញ្ចុកនៅមូលដ្ឋាន ហើយនៅពេលជាមួយគ្នា បានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែសីហា ឆ្នាំ ២០២០។ ទី៩, បង្កើតពាក្យស្លោក “សម រង្ស៉ី-កឹម សុខា គឺជាមនុស្សតែមួយ” ដោយអត្តនោមតិ ក្នុងចេតនាភ្ជាប់លោក កឹម សុខា ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួន។
ទី១០, ប្រមាថអង្គព្រះមហាក្សត្រ។ ទី១១, បន្តលាបពណ៌ និងប្រមាថសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីអូសលោក កឹម សុខា ឲ្យធ្លាក់ចូលក្នុងជម្លោះដោយអសីលធម៌ និងអគុណធម៌របស់ខ្លួន។ ទី១២, ដឹកនាំបញ្ជាបក្សភ្លើងទៀនដោយផ្ទាល់ និងប្រយោល រួមទាំងឃោសនា និងកៀរគរថវិកាជួយទ្រទ្រង់ដល់ប្រតិបត្តិការ។ ទី១៣, ក្រោយការបោះឆ្នោតឃុំ-សង្កាត់រួច មើលឃើញលទ្ធផល បានវាយប្រហារលោក កឹម សុខា។ ទី១៤, ប្រព្រឹត្តិទង្វើអសីលធម៌ និងអំពើក្បត់ទាំងភ្នែកស្រស់ ខណដែលលោក កឹម សុខា មិនទៅបោះឆ្នោតឲ្យបក្សភ្លើងទៀន ដើម្បីបញ្ចៀសការចោទប្រកាន់៕
ដោយ៖ សូរិយា