ភ្នំពេញ : ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុ-បច្ច័យ ប្រគេនសម្តេចព្រះសង្ឃ និងព្រះសង្ឃ គង់នៅវត្តចំនួន ២ ក្នុងរាជធានីភ្នំពេញ។
ក្មេងអភិមង្គលដ៏វិសេសវិសាលនេះលោកស្រី ម៉ែន នារីសោភ័គ និងគណៈប្រតិភូ បានអញ្ជើញប្រគេនទេយ្យវត្ថុ-បច្ច័យ ដល់ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា គង់នៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) និងប្រគេន សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភានៃពុទ្ធសាសនា ដែលគង់នៅវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គំ) ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ៖ ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗ រួមមាន អង្ករ ២តោន, មី ៣០កេស, ត្រីខ ៣កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកដោះគោខាប់ ១កេស, កាហ្វេកញ្ចប់ ២កេស, អូរវ៉ាន់ទីន ២កេស, ទឹកក្រូច និងទឹកផ្លែឈើ ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស់ ២កន្ត្រក, ផ្កាស្រស់ ២កន្ត្រក និងបច្ច័យចំនួន ១០លានរៀល។ ដោយឡែកសម្រាប់ សម្តេចព្រះសង្ឃនាយករងទី១ និងសម្តេចព្រះមហាអរិយវង្ស ក្នុង១ព្រះអង្គ បវរណាថ្វាយ-ប្រគេននូវ សាដក១, ចង្ហាន់១ស្រាក់, បង្អែម១ កាតូ និងបច្ច័យចំនួន ១លានរៀល។ ប្រគេនព្រះសង្ឃគង់អមទាំង២វត្ត សរុប ៨អង្គទៀត ក្នុង១អង្គៗ សាដក១, ចង្ហាន់១ស្រាក់, បង្អែម ១កាតូ និងបច្ច័យ២០ម៉ឺនរៀល៕
ដោយ : សហការី