ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ២០២២

ចែករំលែក៖

ភ្នំពេញ : ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណៈជន និយោជក កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈទាំងអស់ឱ្យបានជ្រាបថា ក្រោមកិច្ចសហការជាមួយគម្រោងលើកកម្ពស់ស្តង់ដា សុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំណង់ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការ អន្តរជាតិខាងការងារ ក្រសួងនឹងរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នាដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពការងារ ជាវិជ្ជមាន” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

នេះជាឆ្នាំទី១៧ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រារព្ធទិវាពិភពលោកដើម្បី សុវត្ថិភាព និងសុខភាពការងារ ក្នុងគោលបំណងផ្សព្វផ្សាយអំពីទំហំនៃគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ និង បំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ ព្រមទាំងទាញការគាំទ្រពីស្ថាប័នពាក់ព័ន្ធ អង្គការនិយោជក និងអង្គការកម្មករនិយោជិត។

ទិវានេះ នឹងមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត អ៊ុត សំហេង រដ្ឋមន្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការ អន្តរជាតិខាងការងារ តំណាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា តំណាងនិយោជក និងសហជីព ព្រមទាំង តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាសនានា និងកម្មករនិយោជិតសរុបចំនួន ៧០០នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន និយោជក កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈ ទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print