លោក ឃឹម ហ្វីណង់ : អ្នកភូមិពើងឆ័ត្រប្តូរហើយ ! ប្តូរពីទម្លាប់រស់នៅដាច់ដោយឡែកៗពីគ្នា មកជារបៀបរស់នៅបែបជាសហគមន៍

ចែករំលែក៖

ភ្នំពេញ : លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុក បន្ទាយស្រី ខេត្តសៀមរាប បានថ្លែងនៅ ព្រលប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា, «អ្នកភូមិពើងឆ័ត្រប្តូរហើយ»! ប្តូរពីទម្លាប់រស់នៅដាច់ដោយឡែកៗពីគ្នា មកជារបៀបរស់នៅបែបជាសហគមន៍ ពីការរស់នៅបណ្តែតបណ្តោយតាមយថាកម្ម មកធ្វើជាម្ចាស់នៅលើបញ្ហាប្រឈមនៅក្នុងសហគមន៍របស់ខ្លួន ពីធ្លាប់តែរុកចូលព្រៃធ្វើចំណាកស្រុកដើម្បីរករបរចិញ្ចឹមក្រពះ មកជាអ្នកដាំបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំដើម្បីផ្គត់ផ្គង់ជីវភាពវិញម្តង ពីផ្ទះសម្បែងមិនសូវមានរបៀបរៀបរយនិងជួនកាលគ្មានសូម្បីតែបង្គន់អនាម័យប្រើប្រាស់ មកជាមានលំនៅឋានសមរម្យថ្លៃថ្នូរអាចរស់នៅបានសឹងតែគ្រប់ៗគ្នា ពីគ្មានទឹកបរិភោគប្រើប្រាស់នៅរៀងរាល់រដូវប្រាំង មកជាមានបណ្តាញទឹកស្អាតរបស់សហគមន៍បំបែករត់មកដល់ផ្ទះរៀងៗខ្លួន ពីសម្លេងគាំទ្រការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានត្រឹមតែជាង៣០% កាលពី៥ឆ្នាំមុន មកជាតំបន់ដែលផ្តល់ការគាំទ្រដល់មេភូមិរបស់ខ្លួនរហូតដល់ទៅ៩០%!

លោកបន្តថា, តែការផ្លាស់ប្តូរទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ កាលពី២០២០ រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយអង្គការលំនៅឋានមនុស្សជាតិកម្ពុជា ជ្រើសរើសយកភូមិពើងឆ័ត្រដើម្បីសាកល្បងអនុវត្តគម្រោង”លើកកម្ពស់សហគមន៍ដើម្បីភាពរឹងមាំ” ក្នុងគោលបំណងកែប្រែស្ថានភាពនៅក្នុងសហគមន៍ទាំងមូល ផ្តល់ភាពរឹងម៊ាំនិងលំនឹងជីវិត ព្រមទាំងអាចមានលទ្ធភាពគ្រប់គ្រង ម្ចាស់ការ និងអភិវឌ្ឍបន្តដោយខ្លួនឯងបាន ក្រោយពេលគម្រោងដែលមានរយៈពេល៣ឆ្នាំនេះត្រូវបានបញ្ចប់។ 

លោកអភិបាលស្រុលបានបន្តថា, “ពើងឆ័ត្រ”គឺជាភូមិដ៏តូចមួយនៅក្នុងឃុំឃុនរាម ដែលមានប្រជាពលរដ្ឋរស់នៅត្រឹមតែ១៣៩គ្រួសារប៉ុណ្ណោះ ប៉ុន្តែមានអត្រានៃភាពក្រីក្ររហូតដល់ទៅជាង៤០% ដែលជាអត្រាខ្ពស់ជាងគេបំផុតនៅក្នុងស្រុកបន្ទាយស្រី។ ២ឆ្នាំបានកន្លងផុតទៅ ថវិកាជាងពាក់កណ្តាលនៃថវិកាសរុបជិត ២០មុឺនដុល្លារ ក៏ត្រូវបានប្រើប្រាស់រួចមកហើយ ក្រុមការងារពិតជាបានសម្រេចការងារជាច្រើនគួរជាទីមោទកភាព ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ភូមិមួយនេះត្រឹមតែក្នុងរយៈពេលខ្លី ខុសប្លែកពីមុនស្ទើរតែរកចំណាំមិនបានផង។ ទឹកមុខ និងស្នាមញញឹមរបស់ពុកម៉ែបងប្អូននៅក្នុងសហគមន៍ ដែលខ្ញុំបានឃើញនៅក្នុងប្រជុំរួមដើម្បីត្រួតពិនិត្យវឌ្ឍភាពរបស់គម្រោង ពិតជាបានផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងទៅដល់ការផ្លាស់ប្តូរជោគវាសនា និងការកាត់បន្ថយភាពក្រីក្រនាពេលអនាគតរបស់ភូមិដែលធ្លាប់តែក្រខ្សត់មួយនេះ។

បន្ថែមពីលើវិសាលភាពនៃគម្រោង រដ្ឋបាលស្រុកបន្ទាយស្រីក៏បានជំរុញឲ្យមានការជួយជ្រោមជ្រែងដល់ភូមិក្រីក្រមួយនេះក្រោមរូបភាពផ្សេងៗទៀត ដូចជា តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការបំពាក់អំពូលសូឡានៅតាមផ្ទះ ការតភ្ជាប់បណ្តាញអគ្គីសនី និងការជួយដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឲ្យអ្នកភូមិពើងឆ័ត្រ អាចមានឱកាសងើបផុតពីភាពក្រីក្រ និងធ្វើការតភ្ជាប់ភូមិពើងឆ័ត្រចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុក ដើម្បីទទួលបានឱកាសការងារ មុខរបរ និងលើកស្ទួយជីវភាពប្រជាជននៅក្នុងភូមិអោយបានប្រសើរឡើងដូចភូមិដទៃទៀតដែរ។ 

#ភូមិពើងឆ័ត្រ | #លំនៅឋានកម្ពុជា | #កាត់បន្ថយភាពក្រីក្រ។ 

លទ្ធផលសំខាន់ៗដែលគម្រោងសម្រេចបានរហូតមកដល់ពេលនេះមានដូចជា៖

– សាងសង់ផ្ទះថ្មី ជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន៦៦ខ្នង និងបង្គន់អនាម័យ ១៩បង្គន់

– បង្កើតប្រព័ន្ធចម្រោះទឹកស្អាតសហគមន៍ ១ទីតាំង

– ផ្តល់ថវិកា និងទ្រទ្រង់ដល់ការបង្កើតមុខរបរខ្នាតតូចបាន ២៥គ្រួសារ

– ផ្តល់ការតភ្ជាប់អគ្គីសនីដោយប្រព័ន្ធសូឡា និងបណ្តាញចែកចាយផ្គត់ផ្គង់ទឹកស្អាតតាមផ្ទះបាន ៣២គ្រួសារ គ្រប់គ្រងដោយសហគមន៍

– អប់រំ បណ្តុះបណ្តាលដល់អ្នកភូមិ ពីការថែទាំផ្ទះ អនាម័យ ការរស់នៅស្អាត ការគ្រប់គ្រងថវិកាគ្រួសារនិងមុខរបរ

– បង្កើតនិងពង្រឹងសមត្ថភាពគណៈកម្មការ(ក្រុមតំណាង)សហគមន៍ដើម្បីជួយគាំទ្រ និងសម្របសម្រួលដល់ការងាររបស់គម្រោងជាប្រចាំ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print