ភ្នំពេញ៖ ដោយសារវិបត្តិសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីធ្វើឱ្យចេះតែគេពុលដល់បញ្ហាសេដ្ឋកិច្ចនៅលើពិភពលោករួមទាំងកម្ពុជាផង។ តាមការប៉ាន់ប្រមាណកម្ពុជាមានការងើបឡើងអំពីបញ្ហាអតិផរណាតិចតួចដោយសារតែឥទ្ធិពលនៃសង្គ្រាមនេះ។ នោះគឺបញ្ហាវិបត្តិប្រេងនិងទំនិញផ្សេងៗទៀតជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជាជាហេតុបណ្ដាលឱ្យអតិផរណាធ្លាក់ចុះតិចតួច។
នៅឆ្នាំ២០២៣ខាងនេះមុខ ប្រទេសកម្ពុជា រំពឹងថា នឹងមានអតិផរណាក្នុងរង្វង់ ២,៥ភាគរយពោលគឺថយចុះជាងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ យោងតាមសារាចរណែ នាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣ -២០២៥របស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ អតិផរណា ត្រូវបានប៉ាន់ស្មានថា នឹងអាចកើនឡើងដល់ក្នុងរង្វង់ ៥ភាគរយដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀតបណ្ដាលមកពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
សម្រាប់ឆ្នាំ២០២៣ អតិផរណា ត្រូវបានរំពឹងថា នឹងថមថយមកវិញ ក្នុងរង្វង់ ២,៥ភាគរយដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងនិងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ ចំណែកអត្រាប្ដូរប្រាក់រំពឹងថា នឹងស្ថិតក្នុង រង្វង់មធ្យមប្រចាំឆ្នាំប្រមាណ ៤០៦៥រៀល ក្នុង១ដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ ដោយសារអន្ត រាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃនិងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។ រីឯឱនភាពគណនីចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងរួមតូចមកវិញ ក្នុងទំហំប្រមាណ ២៦,៨ភាគរយនៃផលិតផលសរុប(ផសស)ក្នុងឆ្នាំ ២០២២ ធផបនឹង ៤៥,៤ភាគរយនៃផសសក្នុងឆ្នាំ ២០២១ក្រោមការរំពឹងទុកនូវការត្រឡប់ទៅរកប្រក្រតីភាពនៃសមតុល្យពាណិជ្ជកម្មក្នុងខណៈដែលចំណូលពីភ្ញៀវទេសចរអន្តរជាតិនឹងប្រាក់បញ្ញើរពីក្រៅប្រទេសក៏ត្រូវរំពឹងថានឹងងើបឡើងវិញសន្សឹមៗស្របតាមភាពស្រាកស្រាន្តនៃស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ជាបណ្ដើរៗ ។
សម្រាប់ឆ្នាំ២០២៣ ឱនភាពករណីគណនីចរន្ដរំពឹងថា នឹងបន្តរួមតូចក្នុងរង្វង់១៤,១ភាគរយនៃផលិតផលសរុបដោយសារការរំពឹងទុកនូវការបន្តកើនឡើងនៃការនាំ ចេញនឹងការបន្តនិន្នាការងើបឡើងនៃចំណូលពីភ្ញៀវទេសចរអន្តរជាតិ។ ជាមួយគ្នានេះរំហូរវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងងើបឡើងក្នុងរង្វង់ ១២,០ភាគរយ នៃផសស និង១១,៦ភាគរយនៃផសសរៀងគ្នា ដោយសារការបន្តការកើនឡើងនូវទំនុកចិត្តវិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជាក្នុងបរិការណ៍នៃការផ្លាស់ប្ដូរកាន់តែលឿននូវខ្សែច្រវ៉ាក់ផលិតកម្មនិងផ្គត់ផ្គង់តំបន់និងសកលស្របពេលដែលវិបត្តិជំងឺកូវីដ១៩មានភាពស្រាក់ស្រាន្ត។ សារាចររបស់រាជរដ្ឋាភិបាលខាងលើបានបញ្ជាក់ទៀតថាជាលទ្ធផលទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២១២៧១និង២២១៥៥លានដុល្លារអាមេរិកដែលធានាការនាំចូលបានប្រមាណ៧,៧ និង៧,៦ខែ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣រៀងគ្នា។
គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវព្យាករណ៍ថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩មានភាពស្រាកស្រាន្តខណៈឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៤ភាគរយ ដោយសារភាពល្អប្រសើរនៃតម្រូវការសកលបើទោះបីជារងប៉ះពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ ៕
ដោយ៖ សូរិយា