ក្រសួង​សុខាភិបាល​ ប្រកាស​ពីផលប៉ះពាល់​បណ្ដាលមកការ​ប្រេីប្រាស់​បារី​អេឡិចត្រូនិក​ អ្នកជក់​ក្រៅពីញៀន​ និង​ ប៉ះពាល់​បេះដូង​ សួត​ អាចប្រឈម​មុននឹង​ស្លាប់​បាត់បង់​ជីវិត​ថែមទៀត​ផង​

ចែករំលែក៖

ភ្នំពេញ :  ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណៈជនជ្រាបថា បារីអេឡិចត្រូនិច (e-cigarette) គឺជាប្រព័ន្ធបញ្ចូន សារធាតុនីកូទីនអេឡិចត្រូនិច រួមទាំងបារីអេឡិចត្រូនិចដែលបញ្ជូនសារធាតុនីកូទីនអេឡិចត្រូនិច (Electronic Nicotine Delivery System-ENDS និងបារីអេឡិចត្រូនិចដែលប្រព័ន្ធបញ្ចូនសារធាតុមិនមែននីកូទីនអេឡិចត្រូនិច (Electronic Non-Nicotine Delivery System-ENNDS)។ បារីអេឡិចត្រូនិចមានបរិមាណនីកូទីនខុសៗគ្នា និងមានការបំភាយដែល បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឲ្យញៀន បង្កផលប៉ះ ពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុក ជាតិនីកូទីន។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការ ចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នក ជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេក៏ទទួលនូវគ្រោះថ្នាក់ផងដែរដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់ របស់ទារកព្រមទាំងបំផ្លាញការអភិវឌ្ឍនសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។

ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសូតដោយ ចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទីន និង ភាគល្អិតតូច នៃ អ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាច បង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។

ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៨ ដោយអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដោយបានចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើ ប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា។

ហើយ បន្ទាប់មកនៅឆ្នាំ២០២១ នេះ ក៏បានបន្ថែម សេចក្ដីណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការ ធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចណ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះបីមានសេចក្ដីណែនាំ នេះរួចហើយក៏ដោយ ក្នុងពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលសង្កេតឃើញមានជនឆ្លៀតឱកាស ធ្វើការផ្សព្វផ្សាយលក់ ផលិតផល អេចឈឺ ធី ភី (HTPs) ឬ (E-cigarette) តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា ដែលជាទង្វើ ល្មើសច្បាប់ និងផ្ទុយនឹងសេចក្ដីណែនាំស្ដីពី ការចាត់វិធានការ បង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការបើ ប្រាស់ផលិតផល (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានស្នើ សុំការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ទៅ លើការផ្សព្វផ្សាយការលក់ផលិតផល (HTPs) ឬ បារីអេឡិចត្រូនិច (E-Cigarette) តាមរយៈបណ្ដាញ ព័ត៌មានសង្គម និងសូមគោរពស្នើសុំ សូមក្រសួង និងភាគីពាក់ព័ន្ធមេត្តារួមសហការចាត់ការលើជនខិលខូច ដែលមានការ ផ្សាព្វផ្សាយ និងចរាចរផលិតផលមិនត្រឹមត្រូវនេះតាមនីតិវិធីច្បាប់ជាធរមាន។

បាវីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម។ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី បារីអេឡិចត្រូនិចគឺជាទំនោរផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់ គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវបញ្ញាសុខភាព ធ្ងន់ធ្ងរ ដែលបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិច ៕ 

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print