ភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់ម្នាក់ ខំយកម៉ូតូទៅផ្ញើសន្តិសុខក្នុងផ្សារមីតថោន ចូលទៅយកអីវ៉ាន់មួយភ្លែត ចេញមកវិញ ស្រាប់តែត្រូវជនសង្ស័យកាច់កម៉ូតូជិះយកទៅបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យ៉ា ហុងឆៃ អាយុ២២ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់។
បើតាមការសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1AK-2733 ជិះមកយកអីវ៉ាន់នៅក្នុងផ្សារមីតថោន រួចគាត់ក៏បានយកម៉ូតូចូលទៅផ្ញើនៅក្នុងចំណតសន្តិសុខ បន្ទាប់មករូបគាត់ក៏បានចូលទៅយកអីវ៉ាន់ នៅក្នុងផ្សារ ក្រោយពេលយកអីវ៉ាន់រួចគាត់ក៏ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ពីចំណតរួចទៅសួរសន្តិសុខ ដែលយាមនៅទីនោះ ដោយសន្តិសុខបានបញ្ជាក់ថា មានជនសង្ស័យម្នាក់ចូលមកយកម៉ូតូទៅមុននេះបន្តិច ហើយជនរងគ្រោះស្លន់ស្លោ ទាក់ទងទៅមិត្តភក្តិឲ្យមកទីតាំងកើតហេតុ ដោយឡែកនៅក្នុងនោះ មិនមានវត្តមានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ នៅទីតាំងកន្លែងកើតហេតុនោះទេ មានតែប្រជាពលរដ្ឋតែប៉ុណ្ណោះ។
បន្ទាប់មកជនរងគ្រោះ ក៏ពឹងឲ្យមិត្តភក្តិជូនទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដើម្បីសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកជនសង្ស័យនិងម៉ូតូរបស់ខ្លួន ដែលត្រូវជនសង្ស័យកាច់កយកទៅបាត់៕
ដោយ៖ជ្រោយពេជ្រ