ខេត្តរតនគិរី÷ អធិការនគរបាលក្រុងបានលុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(អុីវ៉ាន់ចាប់ហួយនិងសម្ភារផ្សេងៗមួយចំនួនទៀត) ។ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
មន្ត្រីនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភឹម ប៊ុនរឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះជាម្ចាស់ឃ្លាំងឈ្មោះ ផា ថា ភេទប្រុស អាយុ៥៥ឆ្នាំ មានទី លំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១៧ និង ៣០នាទីថ្ងៃខែឆ្នាំខាងលើ ខណៈទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីលួចនៅឃ្លាំង ទំនិញទុកចោលមួយកន្លែងរបស់ឈ្មោះ ផា ថា ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យដែលមានអត្តសញ្ញាណដូចខាងលើយកមកអធិការដ្ឋាននបាលក្រុងបានលុង ដើម្បីសាកសួរបំភ្លឺ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង កសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា