ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអានប្រកាសតែងតាំងប្រធានសខា ក.ប.ប. ខេត្តកំពត និងការប្រគល់ ទទួលប្រកាសដោយលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការថតរូបអនុស្សាវរីយ៍ផងដែរ។
ការអនុវត្តការងារក្នុងខែមិថុនា គ្រប់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត បានបំពេញការងារតាមតួនាទី ភារកិច្ច ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ជូន ក្នុងនោះមានដូចជា ការចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈ ការចុះត្រួតពិនិត្យម្ហូបអាហារតាមបណ្ដាទីផ្សារ ម៉ាត ផ្សារទំនើប និងឃ្លាំងស្តុក នានា។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានថ្លែងអំណរគុណដល់ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោកប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ដែលបានអនុវត្តការងារបានល្អតាមផែនការដាក់ចុះកន្លងមក និង បានផ្ដល់អនុសាសន៍ណែនាំនិងផែនការអនុវត្តបន្ដ ដល់ លោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៀតដើម្បីអង្គភាពមានការ រីកចម្រើនបន្ថែមទៀត៕
ដោយ៖សហការី