.(តពីលេខមុន)
* ថ្ងៃស៊ីកំណត់៣ភ្លេង÷
១-ភ្លេងជ្រងដើមបទ
២-ភ្លេងជ្រងសម្ងាត់
៣.ភ្លេងដោះក្រោយ
ថ្ងៃបង្ហើយឲ្យលេងភ្លេងតមកពីថ្ងៃស៊ីកំណត់គឺ :
៤-ភ្លេងកន្ទេនទ្រាំង
៥-ភ្លេងខ្ទោរ
៦-ភ្លេងរបងរមាស
៧-ភ្លេងបន្ទាយប្រាសាទ
៨-ភ្លេងទឹកជប់
៩-ភ្លេងក្រាបនាយ
ឯគ្រឿងភ្លេងនោះ មិនបាច់លេងគ្រប់គ្រឿងទេឲ្យយកតែ ប៉ី១ ទ្រ១ និងអ្នកច្រៀងម្នាក់ប៉ុណ្ណោះ។
កាលស្រេចកិច្ចអម្បាលនេះហើយ អ្នកសាមីដើមការត្រូវរៀបនំមួយថាសមកឱ្យអ្នកភ្លេងលេងវ៉ានូវរោងដែលហៅថាភ្លេងរំលត់ចន្លុះនៅរោងផ្កាស្លា។ អ្នកភ្លេងត្រូវយកកន្ទុយចន្លុះ១មកអុជ នាំគ្នាលេងភ្លេងមួយស្របក់ទៅហើយឲ្យរុះស្លឹកដែលប្រក់រោងចេញមួយកណ្ដប លំដាប់ពីនោះអ្នកភ្លេងត្រូវយកទឹកមកពន្លត់ចន្លុះប៉ុណ្ណោះហៅថាស្រេចកិច្ចអ្នកភ្លេងហើយ។
*៨.របៀបផ្សំដំណេក÷
នៅក្នុងយប់ថ្ងៃនោះក្នុងរវាងម៉ោង ៨ ទៅ ៩ ត្រូវរៀបចំពិធីផ្សំដំណេកនៅទីកន្លែងដែលកូនប្រុសស្រីដេក គឺត្រូវរើសយកស្រី ២ នាក់ដែលមានអាយុច្រើន ហើយជាញាតរបស់កូនស្រីជាអ្នកមិនអភ័ព្វគូ ជាអ្នកចេះដឹងក្នុងរឿងនេះ ឲ្យជាអ្នកផ្សំដំណេក។ ភស្តុភារដែលប្រើក្នុងពិធីនេះ គឺត្រូវយកគ្រឿងបាយសីដែលពោលហើយខាងដើម និងថែមចំអាបមួយថាស បង្អែមមួយថាស ដូងខ្ចីមួយ។ ត្រូវអុជទៀនធូបសែនជីដូនជីតាដោយបង្អែមចំអាបនោះហើយដួសទឹកបញ្ចុក កូនប្រុស៤ស្លាបព្រា រួចបង្គាប់ឲ្យកូនស្រីដើម្បីឲ្យស្រលាញ់គ្នាស្ថិតស្ថេរតទៅ និងឲ្យឱវាទផ្ដាំប្រដៅផ្សេងៗ តាមគួរហើយប្រាប់ឲ្យកូនប្រុសស្រីដេកទន្ទឹមគ្នា គឺឲ្យកូនប្រុសដេកខាងស្ដាំ កូនស្រីដេកខាងឆ្វេង ប៉ុណ្ណេះិហើយអ្នកណែនាំផ្សំដំណេកត្រូវនាំគ្នាចេញមកវិញ។
ប៉ុណ្ណេះឈ្មោះថាស្រេចកិច្ចអាពាហ៍ពិពាហ៍ហើយ។ ក្រោយពីការហើយបីថ្ងៃ ត្រូវរៀបប្តីប្រពន្ធជាគូថ្មីនោះ ទៅសុំពរពីព្រះសង្ឃហើយយកផ្កាស្លាច្បង និងចំអាបមួយថាស បង្អែមមួយថាស ស្លាបារីទៅវត្តដែលកូនប្រុសនោះធ្លាប់ទៅបួសរៀន នៅវត្តណាត្រូវទៅឯវត្តដែលមាននៅក្នុងស្រុកនោះ លោកចៅអធិការទទួលផ្កាស្លាហ្នឹងហើយសូត្រធម៌ឲ្យសព្ទសាធុការពរស្រេចហើយថ្វាយបង្គំលាមកផ្ទះវិញ។
តាំងពីមានព្រះរាជបញ្ញត្តិឲ្យចុះបញ្ជីអាពាហ៍ពិពាហ៍មកក្រោយពីរៀបការហើយរវាងបីថ្ងៃគេរមែងទៅប្ដឹងមន្ត្រីអត្រានុកូលដ្ឋានសុំចុះបញ្ជីរៀបការក្នុងសៀវភៅអាពាហ៍ពិពាហ៍តាមច្បាប់សម្រាប់ស្រុកផង។
(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត