ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីយប់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ ដែលជ្រកក្រោមស្លាកកោសជប់និងម៉ាស្សាយីហោ”៦៦៦”ស្ថិតនៅផ្ទះលេខ០៧A ផ្លូវ ជាតិលេខ៥ ក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនថៅកែ២នាក់ប្តីប្រពន្ធ និងនាំខ្លួន ស្ត្រីម៉ាស្សាចំនួន៣នាក់ទៅសាកសួរក្នុងនោះមានម្នាក់ជាអនីតិជនផងដែរ។
ថៅកែហាង២នាក់ប្តីប្រពន្ធ ដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនមាន ឈ្មោះ ចូច ជឿន អាយុ២៩ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះហន សុភានី អាយុ៤១ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅផ្ទះខាងលើ ។
ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិនិងមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមសហការណ៍ពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលរាជធានីភ្នំពេញនិង នគរបាលមូលដ្ឋានផងដែរ។
តាមប្រភពព័ត៍មានពីមន្រ្តីជំនាញ បាឱ្យដឹងថា ទីតាំងបម្រើសេវាផ្លូវភេទ ដែលជ្រកក្រោមស្លាកកោសជប់និងម៉ាស្សាយីហោ”៦៦៦” នេះគឺបានបើកដំណើរការកោសជប់ និងម៉ាស្សាហើយលួចបម្រើសេវាផ្លូវភេទ ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ ទទួលបានព័ត៌មានច្បាស់ការក៏សុំគោលការពីព្រះរាជអាជ្ញាចុះឆែកឆេរ បង្ក្រាបតែម្តង ។
ប្រភពដដែលបន្តថា ទីតាំងផ្ទះនេះមាន បន្ទប់ចំនួន ៤ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញវត្ថុតាង មានស្រោមអនាម័យ ប្រើរួច និងមិនទាន់ប្រើជាច្រើន ។ បន្ទាប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ចបានឃាត់ខ្លួន ថៅកែហាង២នាក់ប្តីប្រពន្ធ និងនាំខ្លួន ស្ត្រីកោសជប់បម្រើសេវាកម្មផ្លូវភេទចំនួន ៣នាក់និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួ.ញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរនិងចាត់ការតាមច្បាប់។
ដោយឡែក ទីតាំងផ្ទះខាងលើនេះ ត្រូវបានកម្លាំងគណៈកម្មការចម្រុះបិទបណ្តោះអាសន្ន៕
ដោយ៖សហការី