មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើដល់អង្គការណាតូ ដឹកនាំដោយអាមេរិកបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែនទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ។ លោក Volodymyr Zelensky បញ្ជាក់ថា យើងត្រូវការ៥ពាន់លានដុល្លារ ជារៀងរាល់ខែ។
ការអំពាវនាវខាងលើរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងពេលដែលលោកចូលរួមកិច្ចប្រជុំជាមួយអង្គការណាតូនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២។ លោកបន្តទៀតថា ណាតូត្រូវតែប្រញាប់ផ្តល់ជំនួយដើម្បីទទួលបានជ័យជម្នះ ឬក៏មានសង្គ្រាមជាមួយប្រទេសណាតូតែម្តង។ ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា ទីក្រុងកៀវត្រូវការផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុជាបន្ទាន់ ប្រមាណ៥ពាន់លានដុល្លារក្នុងមួយខែ។
លោក Volodymyr Zelensky បញ្ជាក់ថា ការផ្តល់ជំនួយហិរញ្ញវត្ថុ គឺមានសារសំខាន់យ៉ាងខ្លាំង ដូចជាការផ្តល់អាវុធ ។ លោកបន្តទៀតថា យើងត្រូវការ៥ពាន់លានដុល្លារក្នុងមួយខែដើម្បីការពារប្រទេសជាតិ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់អឺរ៉ុប ខណៈដែលបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ការប្ដេជ្ញាចិត្តរបស់លោកចូ បៃឌិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃពុធសប្ដាហ៍នេះ ហើយជាមួយគ្នានោះលោកក៏បានសន្យាផងដែរនឹងការពារទឹកដីណាតូមិនឱ្យបាត់សូម្បីតែមួយចំអាម ខណៈដែលបក្សសម្ព័ន្ធណាតូឯកភាពគ្នាលើផែនការថ្មីមួយក្នុងការពង្រឹង និងបង្កើតវត្តមានយោធានៅក្នុងតំបន់បាល់ទិក និងប៉ូឡូញ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៉ី នៅពេលអនាគត។
លើសពីទៅទៀត បន្ថែមពីលើការប្ដេជ្ញាចិត្តនិងការសន្យា លោក បៃឌិន ក៏បានបញ្ជាក់ឡើងវិញផងដែរថាការវាយប្រហារលើប្រទេសជាសមាជិកណាតូណាមួយ មានន័យថាជាការវាយប្រហារលើបក្សសម្ព័ន្ធណាតូទាំងមូល។ បើតាមលោក បៃឌិន សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ខ្លួនបន្ថែមពីលើកងទ័ពជាង១០០,០០០នាក់ ដែលកំពុងឈរជើងស្រាប់ក្នុងតំបន់អឺរ៉ុប ព្រមទាំងដាក់ពង្រាយបន្ថែមនាវាចម្បាំង និងយន្ដហោះចម្បាំង ក្នុងតំបន់អឺរ៉ុប៕
រូបថត : AP