ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះធ្វេីរដ្ឋបាលនៅតំបន់មិនរៀបរយ ជាក់ស្ដែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។
របាយការណ៍ដដែល បន្តថា ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែកក្កដាម្សិលមិញនេះ នៅចំណុចវិហារឯករង្សី ស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្រោយពីធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលមនុស្សចំនួន១១នាក់ រកឃើញមានសារធាតុញៀន និងមនុស្សចំនួន០៦នាក់ មិនមានសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី