ខេត្តព្រះសីហនុ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង-ខេត្តព្រះសីហនុ កំពុងមានចម្ងល់យ៉ាងខ្លាំង តើមានអំណះអំណាងអ្វី អទិភាពបែបណា ទើប ក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម ហេតុអីមិនពាក់ស្លាកលេខ ខណៈការប្រមូលសំរាម រថយន្តត្រូវបានប្រើប្រាស់នៅលើដងផ្លូវសាធារណៈគ្រប់ទីកន្លែង ? ចំណុចនេះប្រជាពលរដ្ឋឆ្ងល់ថា, តើច្បាប់ចរាចរណ៍មានឡានប្រភេទនេះ មានអទិភាពបើកបរដោយអត់ស្លាកលេខលើដងផ្លូវសាធារណៈដែរឬទេ! ជាធម្មតាកាលណាធ្វើចរាចរណ៍លើដងផ្លូវ រថយន្តគ្រប់មធ្យោបាយទាំងអស់ត្រូវតែមានស្លាកលេខ ។
ប្រសិនបើឡានរបស់ក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម អត់មានស្លាកលេខបែបនេះ ជាទង្វើខុសច្បាប់ឬអត់ ! ហើយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ចរាចរណ៍ អាចឃាត់រក្សាទុករថយន្តនេះបានដែរឬទេ? ឬក៏មានច្បាប់កំណត់ណាមួយ ឱ្យរថយន្តដឹកសំរាម ត្រូវតែអត់មានស្លាកលេខហើយអនុញ្ញាតអោយប្រើប្រាស់ បានបើកបរលើដងផ្លូវ ?
ចម្ងល់ជាច្រើនទៀតបានចោទជាសំណួរថា,តើឡានដឹកសំរាមសព្វថ្ងៃជាឡានកម្មសិទ្ធិរបស់ក្រុមហ៊ុន គាត់ទិញមកដោយឯកជន ឬមួយឡានទាំងនេះនាំមកជាពន្ធបន្ទុករបស់រដ្ឋ , ការនាំចូលឡានដឹកសំរាមពីក្រៅប្រទេសមកនោះ? ។
ប្រជាពលរដ្ឋបានលើកឡើងថា, បើក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម មានសិទ្ធិ និងមានអទិភាពប្រើប្រាស់ឡានដោយគ្មានស្លាកលេខ គឺគ្មានយុត្តិធម៌ណាមួយស្មើគ្នាជាមួយប្រជាពលរដ្ឋឡើយ។ ខណៈប្រជាពលរដ្ឋទូទៅមិនថា ស្ថិតក្នុងកម្រិតណាមួយទេ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្មើភាពគ្នា។
ប្រជាពលរដ្ឋក៏បានលើកឡើងផងដែរថា , ក្រុមហ៊ុនខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម តាមដងមាត់សមុទ្រគឺធ្វើបានល្អ បង្កើតឲ្យមានសោភ័ណភាពលំអទីក្រុងគួរឲ្យកត់សម្គាល់ ដោយសារមកដឹកជញ្ជូនសំរាមបានលឿន។ ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានខាងក្នុង ហាក់មានការយឺតយ៉ាវបន្តិច ពេលខ្លះបីថ្ងៃមកដឹកជញ្ជូនសំរាមម្ដង ពេលខ្លះឈានដល់ ៥ថ្ងៃទើបមកប្រមូលសំរាម ដល់មុខផ្ទះរបស់ពួកគាត់។
សូមបញ្ជាក់ទៀតថា, ប្រជាពលរដ្ឋនៅតែបន្តឆ្ងល់ ! អំពីបញ្ហាឡានប្រមូលសំរាមទាំងនេះ ឡានជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលនាំចូល ឬជាឡានរបស់សាលាក្រុង ឬជាឡានរបស់រដ្ឋអង្គភាពណាមួយ ។ មានហេតុផលអ្វីដែលមិនធ្វើស្លាកលេខ ដើម្បីធ្វើចរាចរណ៍នៅលើដងផ្លូវ ដូចប្រជាពលរដ្ឋទូទៅ ? ។
ពាក់ព័ន្ធករណី តំណាងក្រុមហ៊ុន ខេអេសដាប់បែលយូអិម ឯ.ក KSWM Co., Ltd បម្រើសេវាដឹកជញ្ជូនសំរាម អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ បានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរស័ព្ទដែរ តេចូលប៉ុន្ដែគ្មានអ្នកទទួល។
ដោយឡែកលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ចំពោះរថយន្តគ្រប់ប្រភេទត្រូវតែមានស្លាកលេខទាំងមុខនិងខាងក្រោយ នៅពេលរត់នៅលេីទ្រង់ផ្លូវ ពីព្រោះវាជាសញ្ញាសម្គាល់យានយន្ត។ ចំណែកក្រុមហ៊ុន KSWM នេះមិនទាន់ដាក់ស្លាកលេខ លោកនិងចាត់ឱ្យមន្រ្តីជំនាញចុះត្រួតពិនិត្យនិងឱ្យតំណាងក្រុមហ៊ុនដោះស្រាយបញ្ហានេះ៕ដោយ៖ស តារា