ភ្នំពេញ : រាជរដ្ឋាភិបាលចេញ អនុក្រឹត្យ ស្តីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
មាត្រា១ …អនុក្រឹត្យនេះ កំណត់អំពីកាតព្វកិច្ចទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា២ …អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការចាក់វ៉ាក់សាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បី ប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
មាត្រា៣ …កាតព្វកិច្ចក្នុងការទទួលការចាក់វាក់សាំងការពារជំងឺកូរីដ-១៩ ត្រូវអនុវត្តចំពោះ
– មន្ត្រីរាជការសាធារណៈ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ
– ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និង
– ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការសាធារណៈនៅក្នុងស្ថាប័នតុលាការ។ កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលមួយចំនួនផ្សេងទៀត ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាល មានសមត្ថកិច្ច។
មាត្រា៤…ប្រភេទនៃវ៉ាក់សាំង ព្រមទាំងបែបបទ និងនីតិវិធីនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវអនុវត្ត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
មាត្រា៥..ទណ្ឌកម្មខាងវិន័យ
ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយស្ថាប័នសាមី ចំពោះបុគ្គលដែលគេចវេះមិនអនុវត្តកាតព្វកិច្ច ទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូរីដ-១៩ ដូចមានចែងក្នុងជំពូកទី២ នៃអនុក្រឹត្យនេះ និង តម្រូវឱ្យបុគ្គលនោះត្រូវអនុវត្តកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ក្នុងករណីនៅតែ បន្តគេចវេះមិនអនុវត្តកាតព្វកិច្ចនេះដដែល ស្ថាប័នសាមីអាចសម្រេចដាក់ទណ្ឌកម្មខាងវិន័យផ្សេងទៀត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
មាត្រា៦..រាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិធានការសុខាភិបាលនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដែលមានមុនពេលអនុក្រឹត្យនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
មាត្រា៧ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៨ …រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សុខាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ : សុខ ខេមរា