ឆមាសទី១ឆ្នាំ២០២២នេះក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺគ្រុនឈាមជិត ៣ ពាន់ករណី កើនឡើងជាង ៣ ដង

ចែករំលែក៖

(ភ្នំពេញ)÷គ្រាន់តែក្នុងរយៈពេល៦ខែឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលរកឃើញមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជិត ៣ ពាន់ករណី និងបណ្ដាលអោយស្លាប់ ៧ នាក់ ដែលតួលេខនេះកើនឡើងជាង៣​ ដង​បើ​ប្រៀប ធៀប​ទៅនឹង​រយៈ ពេល ​៦ ​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ​កន្លងទៅ​ដែលមាន​អ្នកស្លាប់​ត្រឹមតែ​ ១ ​នាក់​ប៉ុណ្ណោះ​។

​លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាលអោយដឹងនៅ​ព្រឹក​ថ្ងៃទី​ ០៧ ​កក្កដា​នេះ​ថា ចាប់ពី​ខែមករា​ រហូតមក ដល់​ខែមិថុនា​ឆ្នាំ​ ២០២២​នេះមាន​ករណី​ជំងឺគ្រុនឈាម​ ចំនួន​ ២៨៦៩​ ករណី ក្នុងនោះ​ស្លាប់​ ៧​ កករណីពោលគឺមានការ​កើនឡើង​ជាង​ ៣​ ដង​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ កន្លងទៅ​មាន​ចំនួន ​៧៥១​ ករណី​ក្នុងនោះ​ស្លាប់ ​១ ​នាក់​។

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា តួលេខ​នេះ​សបញ្ជាក់​ឱ្យឃើញថា​ ជំងឺគ្រុនឈាម អាច​ផ្ទុះ​គ្រប់ពេលវេលា​ដែល​តម្រូវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​និង​ចូលរួម​ទាំងអស់គ្នា​ ក្នុង​ការសំអាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះសម្បែង​ និង​យក​រាល់​វត្ថុ​ទាំងឡាយណា ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កំប៉ុង សំបក​ដូង​សំបក​កង់រថយន្តទៅ​កប់​ចោល​ ឬ​ដុតចោល​ព្រោះថា​វត្ថុ​ទាំងនោះ​អាច​បង្ក​ឱ្យ​ក​កើតជា​ដង្កូវទឹក ដែល​វិវត្តន៍​ទៅជា​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។

​រាជធានី​ខេត្ត​ដែល​ករណី​ជំងឺគ្រុនឈាម​ច្រើន​រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ធំ​និង​ខេត្តសៀមរាប​។ លោក​វេជ្ជបណ្ឌិត​បា​ន​បន្ថែម​ថា​ ការកើនឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​នៅ​ដើម​ឆ្នាំនេះ ដោយសារតែ​កត្តា​ការប្រែប្រួល​អាកាសធាតុ​ដូចជា​អាកាសធាតុ​ក្តៅ អាច​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​កកើត​មូស​ខ្លា​ច្រើន និង​កត្តា​ទឹកភ្លៀង​ពិសេស​ឆ្នាំ ​២០២២ នេះ​ជា​ឆ្នាំ​ទី​ ៣ ស្ថិតក្នុង​វ័​ន្ត​ឆ្នាំ មានការ​ផ្ទុះ​ជំងឺគ្រុនឈាម ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​ម្តង បន្ទាប់ពី​កម្ពុជា​បាន​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​ ២០១៩​ កន្លងទៅ​។

​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប បើ​សង្ស័យថា ​មាន​ជំងឺគ្រុនឈាម​ដូចជា​មាន​អាកា​រៈ​ក្តៅខ្លួន​ចាប់ពី​ ៣៩ ទៅដល់​ ៤០ អង្សា នឹងមាន​រោគសញ្ញា​ផ្សេងៗ​ទៀត ដូចជា មុខ​ក្រហម​ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់​ក្អួត​ឬ​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ​ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចាញធ្មេញ​ជាដើម ត្រូវ​រួសរាន់​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​ជាបន្ទាន់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា​។

លោក​វេជ្ជបណ្ឌិត​បានឱ្យ​ដឹង​ទៀតថា សម្រាប់​ឆ្នាំ​ ២០២២ ​នេះ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បាន​ត្រៀម​ថ្នាំ​អា​បេ​ត​ប្រមាណ​ ២០០ តោន​សេរ៉ូម ៦ ទៅ ៧ ម៉ឺន​ប្លោក ទឹក​ថ្នាំ​បាញ់សម្លាប់​មូស ៦ ពាន់​លីត្រ ផលិត​ខិត្តប័ណ្ណ​អប់រំ ស្តីពី​ជំងឺគ្រុនឈាម ដើម្បី​បង្ការ និង​ការពារ​ទប់ស្កាត់​ក្នុងករណី​ជំងឺគ្រុនឈាម​មានការ​រាតត្បាត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​៕​

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print