ភ្នំពេញ : តើជួយគាត់ធ្វើអោយគាត់ទម្លាប់កាន់តែអាក្រក់?
ឬខ្លាចអ្នកដទៃសុំអោយជួយដែរ តែយេីងធ្វេីមិនបានគ្រប់គ្នា? នេះជាការថ្លែងរបស់ លោក ដួងតារារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការបានថ្លែងថា, ប្អូនស្រីមានអាជីពលក់បង្អែមបន្តិចបន្តួចនៅក្បែរផ្សារចាស់ បានប្រាប់ខ្ញុំថាគាត់នឹងសម្រាលកូននៅថ្ងៃទី ១២ ខែកក្កដានេះ។ គាត់ថា គាត់នៅសល់លុយប្រមាណជាង១០ដុល្លារ មិនមានលទ្ធភាពសម្រាលកូន ហើយក៏ដាច់ចិត្តសុំជំនួយខ្ញុំ ដោយឆែកលេខតាមអនឡាញ។
លោក ដួងតារា បានបញ្ជាក់ទៀតថា, ខ្ញុំមិនមែនជាឧកញ៉ា ហើយក៏មិនមែនជាបិតាសប្បុរសធម៌អី្វដែរ ប៉ុន្តែធ្វើចិត្តដាច់មិនបាន ហើយក៏មិនអាចធ្មេចភ្នែកទុកអោយម្តាយនិងកូនអស់សង្ឃឹមដែរ។ ខ្ញុំបានពិភាក្សាជាមួយក្រុមមិត្តភ័ក្តិមួយចំនួន… យើងក៏បានចាត់ចែងរៀបចំទីកន្លែងមួយសមរម្យមួយអោយគាត់បានស្នាក់នៅសម្រាលកូន។
មិនទាន់ដល់ថ្ងៃទី ១២ ខែកក្កដាផង កូនស្រីក៏បានកើតហើយកាល ពីម្សិលមិញមានសុខភាពល្អ។ ប៉ុន្តែម្តាយត្រូវបានឆ្លងកាត់ការវះកាត់ទើបអាចសម្រាលកូនបាន។ ប្រសិនបើមិនបានជួយគាត់ទាន់ពេលទេ តើអាចមានអ្វីនឹងកើតមានឡើងខ្លះ? ក្នុងចិត្តម្តាយគឺរង់ចាំសម្រាលនៅថ្ងៃទី ១២ កក្កដា ឯណោះ។
ទោះក្នុងស្ថានភាព និងកាលៈទេសៈបែបណាក៏ដោយ ការមើលគ្នាក្នុងផ្លូវល្អប្រកបដោយគុណធម៌គឺនឹងនាំមកនូវសន្តិភាពផ្លូវចិត្ត និងក្តីសុខកាន់តែច្រើនទាំងសម្រាប់ខ្លួនយើងផ្ទាល់ និងសម្រាប់អ្នកនៅជុំវិញយើងផង ព្រមទាំងសង្គមជាតិយើងទាំងមូល។ មិនចាំបាច់ទាល់តែក្លាយជាអ្នកមាន ឬជាអ្នកធំទើបយើងធ្វើបាន នោះឡើយ គឺយើងត្រូវមានអំពើល្អប្រកបដោយគុណធម៌ចាប់ពីថ្ងៃនេះ។
អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
ដោយ : សុខ ខេមរា