លោកត្រាំអំពាវនាវគណបក្សសាធារណរដ្ឋ សាមគ្គីប្រឆាំងលោកស្រីហុីលឡារីគ្លីនតុន

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានធ្វើការអំពាវនាវដល់ គណបក្សសាធារណរដ្ឋទាំងមូលត្រូវសាមគ្គី ផ្ទៃក្នុងក្រោយពេលបែកបាក់គ្នារហូតមកតាំងពីចាប់ផ្តើមឃោសនាបោះឆ្នោត។ មាន តែសាមគ្គីគ្នាប៉ុណ្ណោះ ទើបអាចយកឈ្នះទៅលើបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យដែលមានលោកស្រីគ្លីនតុនជាបេក្ខភាព។

ការណ៍ដែលបេក្ខភាពចុងក្រោយគឺលោក John Kasich និងលោកTed Cruz ប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងតំណែង បេក្ខភាពប្រធានាធិបតីតំណាងឲ្យគណ បក្សសាធារណរដ្ឋមក លោកដូណាល់ ត្រាំបានក្លាយជាបេក្ខភាពប្រធានាធិបតីទៅហើយដោយមិនមានគូប្រជែងណាមួយ ទៀតនោះឡើយគឺនៅសល់តែលោកម្នាក់ ឯងប៉ុណ្ណោះ។ នៅពេលនេះគោលដៅរបស់ លោកត្រាំគឺសាមគ្គីផ្ទៃក្នុងបក្ស និងស្វែងរកតំណែងអនុប្រធានាធិបតីក្នុងការប្រកួត ប្រជែងចូលកាន់សេតវិមាន។

នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញ ព័ត៌មានFox News លោក ត្រាំ បានបញ្ជាក់ ថា ការប្រកួតប្រជែងចូលទៅកាន់សេតវិមាន បានឈានដល់ដំណាក់កាលថ្មីដោយពេល នេះត្រូវផ្តោតទៅលើការប្រឆាំងជាមួយបេក្ខ ភាពប្រធានាធិបតីហីុលឡារី គ្លីនតុន។ លោក ត្រាំ បានប្រកាសថា នឹងធ្វើការជាមួយ គណៈកម្មាធិការជាតិរបស់គណបក្សសាធា រណរដ្ឋដើម្បីរកប្រាក់ប្រមាណ១ពាន់លានដុល្លារសម្រាប់ការឃោសនាបោះឆ្នោត ប្រធានាធិបតីក្នុងពេលខាងមុខ។

នៅក្នុងដំណាក់កាលប្រកួតប្រជែងផ្ទៃក្នុងរបស់គណបក្សសាធារណរដ្ឋលោកត្រាំ បានរិះគន់យ៉ាងខ្លាំងដល់តំណាងរាស្ត្រ ជាច្រើននៅក្នុងគណបក្សរបស់ខ្លួន ហើយសកម្មភាពនោះនឹងបង្កផលលំបាកយ៉ាងធំធេងនៅក្នុងគណបក្សផ្ទាល់ពេលបោះឆ្នោត ប្រធានាធិបតីដែលត្រូវធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០១៦។ តំណាងរាស្ត្រ ជាច្រើនរបស់គណបក្សសាធារណរដ្ឋបាន បង្ហាញការមិនពេញចិត្តទៅលើបេក្ខភាពលោក ត្រាំ ប៉ុន្តែគេនឹងគាំទ្រប្រសិនបើគណ បក្សសាសារណរដ្ឋសម្រេចជ្រើសរើសលោកជាបេក្ខភាពក្នុងការបោះឆ្នោតខាង មុខ។

ការណ៍ដែលលោក ត្រាំ ក្លាយជាតំណាង ឲ្យគណបក្សសាធារណរដ្ឋក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាវិបត្តិមួយកើតឡើងនៅផ្ទៃក្នុងគណបក្សដោយសារតែមន្ត្រីជាច្រើននៅ ក្នុងគណបក្សមិនពេញចិត្តរូបលោក។ លោកត្រាំកំពុងតែជួបវិបត្តិដោយលោក មិនប្រាកដថា នឹងអាចប្រមូលសមាជិក របស់បក្សទាំងអស់ឲ្យរួបរួមគាំទ្រលោក ដែរ។ នៅក្នុងបក្សសាធារណរដ្ឋសព្វថ្ងៃក៏មានចលនាមិនចង់ឲ្យលោកដូណាល់ ត្រាំ ក្លាយជាបេក្ខជនតំណាងបក្សដែរ។

គណបក្សសាធារណរដ្ឋដែលជាគណបក្សមានវ័យចំណាស់នៅអាមេរិកកំពុង់វិបត្តិ ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ គេមិនដែលឃើញបេក្ខជនដ៏មានប្រជាប្រិយភាពរបស់បក្សត្រូវសមាជិកក្នុងបក្សប្រឆាំង ជំទាស់រហូតដល់មានការបង្កើតចលនា ប្រឆាំងដាច់ខាតការឈរឈ្មោះ របស់បេក្ខ ជនដូចដែលគេបានធ្វើទៅលើលោក ដូណាល់ ត្រាំ នោះទេ។

រហូតមកដល់ពេលនេះបេក្ខជនបក្ស សាធារណរដ្ឋដែលចាញ់លោកដូណាល់ ត្រាំ កន្លងមក ហើយនិងមន្រ្តីជាន់ខ្ពស់ផ្សេង ទៀតនៅតែមានអរិភាពមិនបានប្រកូក ប្រកាសឲ្យអ្នកគាំទ្ររបស់ខ្លួនបោះឆ្នោត ​ជ្រើសរើសលោកដូណាល់ ត្រាំ ដែរ។ សព្វ ​ថ្ងៃនេះគឺមានតែលោក Reince Priebus ​ប្រធានគណៈកម្មាធិការជាតិបក្សសាធា រណរដ្ឋតែម្នាក់ប៉ុណ្ណោះ ដែលបានប្រកាស អំពាវនាវឲ្យគណបក្សរួមគ្នាឈរគាំទ្រពីក្រោយបេក្ខជនដូណាល់ ត្រាំ ដើម្បីប្រជែង ឈ្នះលើលោកស្រីហ៊ីលឡារី គ្លីនតុន។ ប្រធានបក្សសាធារណរដ្ឋអំពាវនាវយ៉ាង ដូច្នេះក៏ដោយសារតែលោកមើលមិន ឃើញថា នឹងមានបេក្ខជនណាម្នាក់ផ្សេងទៀតក្នុងបក្សអាចប្រជែងឈ្នះលោកដូ ណាល់ ត្រាំ ដែរ។

សមាជិកជាន់ខ្ពស់របស់បក្សសាធា រណរដ្ឋមិនចូលចិត្តលោកដូណាល់ ត្រាំ ក៏ដោយសារតែពាក្យសម្តីរបស់លោក ត្រាំ មិនដឹងខុសត្រូវការនិយាយជេរប្រទេចរិះ គន់ និងចោទប្រកាន់គេដោយគ្មានការទទួល ខុសត្រូវ។ តាមអ្នកជំនាញមួយចំនួននិយាយ ថា ដោយសារតែការនិយាយមិនទទួល ខុសត្រូវ និងការខ្វះបទពិសោធន៍ធ្វើនយោ បាយ ជាពិសេសនៅក្នុងកិច្ចការបរទេសរួមផ្សំទាំងការប្រើពាក្យជេរមិនសមរម្យដាក់ មនុស្សស្រី និងការរើសអើងប្រកាន់ពូជ សាសន៍សមាជិករបស់គណបក្សសាធា រណរដ្ឋអាចនឹងងាកទៅបោះឆ្នោតឲ្យបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រកួតប្រជែង។

ជារួមការដែលលោកដូណាល់ ត្រាំ អាចក្លាយជាបេក្ខជនពេញមុខតំណាង គណបក្សសាធារណរដ្ឋនោះអាចជាដំណឹង ល្អទៅវិញទេ សម្រាប់គណបក្សប្រជាធិប តេយ្យដែលមានលោកស្រីហ៊ីលឡារី គ្លីនតុន ជាបេក្ខជនកំពុងនាំមុខនៅក្នុងការបោះឆ្នោត ជ្រើសរើសបេក្ខជនប្រធានាធិបតី៕

GettyImages-479726874-e1436388881883

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print