ប្រទេសជប៉ុន : អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់កាលពីព្រឹកថ្ងៃសុក្រនេះនៅភាគខាងលិចប្រទេសជប៉ុន។ លោក Abe ស្ថិតក្នុងស្ថានភាពលំបាក ដោយចង្វាក់បេះដូងរបស់គាត់មានបញ្ហាអំឡុងពេលសង្រ្គោះយកឡើងឧទ្ធម្ភាគចក្រ។ ជនសង្ស័យអាយុ៤១ឆ្នាំ ធ្លាប់បម្រើការងាររយៈពេល៣ឆ្នាំនៅក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនត្រូវបានចាប់ខ្លួន។ ប៉ូលីសបាននិយាយថា ជនសង្ស័យបានប្រាប់ពួកគេថា គាត់មិនពេញចិត្តនឹង Abe ហើយចង់សម្លាប់គាត់។ លោក Abe អាយុ៦៧ឆ្នាំ ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅប្រទេសជប៉ុន។ គាត់បានលាលែងពីតំណែងក្នុងខែកញ្ញា ឆ្នាំ២០២០ ដោយសារបញ្ហាសុខភាព។ ជប៉ុនមានអត្រាប្រើអាវុធតិចបំផុតមួយក្នុងពិភពលោក ខណៈដែលនៅសហរដ្ឋអាមេរិកការជជែកដេញដោលគ្នាលើការគ្រប់គ្រងកាំភ្លើងកាន់តែផុលផុស៕
ដោយ : ពុយ គា