ភ្នំពេញ ; សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១០ កើត ខែអាសាឍនឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ។
២-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣-បញ្ហាផ្សេងៗ៖
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ ៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ តំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។
២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋតួកគី ស្តីពីការលុបបំបាត់ការចៀសវាងការយកពន្ធត្រួតគ្នា និង ការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះ អាសន្នវិទ្យុសកម្ម។
ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម;
១-សេចក្តីព្រាងច្បាប់ធម្មនុញ្ញ
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន៩លើករួចមកហើយ ក្នុងគោលបំណងធានា ឱ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានានូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ គឺជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងសំដៅធ្វើវិសោធនកម្មចំនួនប្រាំបីមាត្រា ក្នុងនោះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចំនួនប្រាំមួយមាត្រា រួមមាន មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ ថ្មី និងច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ចំនួនពីរមាត្រា គឺមាត្រា៣ថ្មី និងមាត្រា៤ថ្មី។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ចំនួនពីរគឺ ទី១-ធានាឱ្យស្ថាប័នកំពូល របស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅ របស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូននិងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ និង ទី២-ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និង ស្ថេរភាពនយោបាយរបស់ប្រទេសជាតិនៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស លើគ្រប់វិស័យនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ត្រូវបានរៀបចំឡើងដោយមានចំនួនបីមាត្រា ហើយត្រូវបាន សម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
២-សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានចាត់ទុកជាច្បាប់គោល ដំបូងគេ ដែលចែងអំពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់នៃលិខិតបទដ្ឋានគតិយុត្ត លើវិស័យចំណូលមិនមែនសារពើពន្ធ ក្នុងការជំរុញកៀរគរចំណូលជូនថវិកាជាតិ ដោយសារកន្លងមក យន្តការនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានអនុវត្តទៅតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តនៃវិស័យផ្សេងៗរៀងៗខ្លួន និងពុំទាន់មានភាពស៊ីសង្វាក់គ្នាស្របតាមគោលការណ៍គ្រឹះ “សង្គតិភាពគតិយុត្ត” នៅឡើយ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ មានគោលបំណងគ្រប់គ្រង និងប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ គ្រប់ប្រភេទ សំដៅរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ស្របតាម កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៥-២០២៣ របស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តគោលមួយច្បាស់ស
សម្រាប់ពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងរួមចំណែកដោះស្រាយនូវសម ក្នុងការបំពេញមុខងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងតថភាពសេដ្ឋកិច្ចនិងសង្គមជាក់ស្តែងរបស់កម្ពុជា។
សូមអាននូវសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១០ កើត ខែអាសាឍនឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោមទាំងស្រុង ៕
ដោយ : សិលា