ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចូលរួមបរិច្ចាគថវិកាពីរលានលានរៀល ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
មន្ត្រីខណ្ឌចំការមន បានបញ្ជាក់ឱ្យដឹងថា៖ លោក ថេង សុថុល អភិបាល នៃគណអភិបាលខណ្ឌចំការមន បានចូលរួមបរិច្ចាគថវិកាពីរលានរៀលជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឱ្យធ្វើការដោះមីនឱ្យអស់ពីដីនៅឃុំប៉ោយចា និងតំបន់អាងត្រពាំងថ្ម ឱ្យទៅជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ ត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ សម្តេច ក៏បានសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ។
សម្តេចតេជោ បានបញ្ជាក់ថា ផ្ទៃដីនៅឃុំប៉ោយចារ ២៤០០ម៉ែត្រការ៉េ ដែលមិនទាន់ដោះគ្រាប់មីន សូមឱ្យមានការដោះមីន លើផ្ទៃដីនៅសេសសល់ ធ្វើការភ្លាមជាមួយអាជ្ញាធរមីន ត្រូវបញ្ជូនកម្លាំងចុះដោះឱ្យអស់ ហើយសម្ដេចប្រកាសថា ឃុំប៉ោយចារ ត្រូវតែជាឃុំគ្មានគ្រាប់មីនទៀតទេ ទោះតម្លៃណាក៏ដោយ ដោះឱ្យអស់យ៉ាងយូរនៅចុងឆ្នាំនេះ ។ សម្ដេចប្រកាសថា ទីនេះគឺគ្មានគ្រាប់មីន ដែលទីនេះជាអតីតសង្គ្រាម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ដើម្បីដោះមីនឱ្យអស់ និងស្នើសុំដល់វិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជា លែងមានគ្រាប់មីន៕
ដោយ៖ ជីណា