ខេត្តបាត់ដំបង៖ ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២នេះ កូនឈើជិតមួយម៉ឺនបួនពាន់ដើម ត្រូវបានដាំលើផ្ទៃដីដប់ហិកតា នាស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើសំបួសមាស ខេត្តបាត់ដំបង ដើម្បីអបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០២២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងព្រះរាជពិធីដាំកូនឈើ ដែលហៅថា «រុក្ខទិវា» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ២ឆ្នាំកន្លងនេះ ដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។
ព្រះរាជពិធី «រុក្ខទិវា» ដែលប្រារព្ធឡើងយ៉ាងមហោឡារឹកឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រម ទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជ រដ្ឋាភិបាល បណ្ដាឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនានាប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមរយៈព្រះរាជសន្ទរកថា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា នាឱកាសនៃការប្រារព្ធពិធី រុក្ខទិវា ព្រះអង្គសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរនៅតាមទីវត្តអារាមទីសាធារណៈនិងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាម ភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស ស័ព្ទ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្មជួយទប់កម្លាំងខ្យល់កន្ត្រាក់ស្របឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាសផងដែរ។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមថា ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគ្រូស្រុករដែល ទើបរៀបអាពាហ៍ពិពាហ៍ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ។
«ម្យ៉ាងទៀតសូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះនិងជំនាំន់ក្រោយៗទៀត។ ពិសេសត្រូវចូល រួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយ ណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។
គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» រយះពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។
ពិធី « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើម ឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា ដែលចលនានេះចាប់មានតាំង ពី សម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទស វត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គមដែលទីបំផុតត្រូវបានទទួល ស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
បច្ចុប្បន្ន « រុក្ខទិវា » ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូក១២ មាត្រា៦០ បានចែងថា ដើម្បីជម្រុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់ និងផល ប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។
ទិវានេះពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្ត និងមន្រ្តីរាជការទូទាំងប្រទេសក្នុងការជម្រុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា »៕
ដោយ៖ សូរិយា