ឃាត់ខ្លួនអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក​ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ លោក ប៉ក់ គន្ធាណារ៉ូ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងចេញសែកគ្មានប្រាក់ជិត២០ម៉ឺនដុល្លារ ។ លុះនៅព្រឹកថ្ងៃសៅរ៍ទី៩ ខែកក្កដា ឆ្នាំ២០២២នេះ​ សមត្ថកិច្ចជំនាញ​ បានបញ្ជូនខ្លួនជនសង្ស័យ​ខាងលេីនេះ​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ស្ថិតនៅ​ក្រោមការសាកសួររបស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង ដើម្បីចាត់ការតាមច្បាប់។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ លោក ប៉ក់ គន្ធាណារ៉ូ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ «រំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ លោក អ៊ូ សូនាង ។

តាមដំណើររឿង គឺ ជនរងគ្រោះ បានទំនាក់ទំនងទិញគ្រឿងចក្រពីក្រុមហ៊ុន ម៉ាស៊ីនើរីផៅវ័រ២០០០ ឯ.ក ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៩៣ ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល និង ឈ្មោះ ប៉ក់ គន្ធាណារ៉ូ ជាប្រធានគ្រប់គ្រងទូទៅ ។

ក្រោយមក ជនរងគ្រោះ បានបញ្ជាទិញគ្រឿងចក្រចំនួន១៣គ្រឿង ហើយបានប្រគល់ប្រាក់ដំណាក់កាលទី១ ចំនួន១៩១,១៣០$ ហើយឈ្មោះ HAYRETDIN KUTUKCU ជាប្រធានក្រុមប្រឹក្សាភិបាល បានចេញសែកចំនួន២សន្លឹក ដោយចុះកាលបរិច្ឆេទផ្សេងៗគ្នា ទុកអោយសម្រាប់បើកប្រាក់នៅពេលដល់កំណត់ ក្រុមហ៊ុនមិនមានគ្រឿងចក្រប្រាក់អោយឈ្មោះខាងជនរងគ្រោះ ។

ក្រោយមកទៀត ខាងក្រុមហ៊ុន មិនមានគ្រឿងចក្រប្រគល់ជូនជនរងគ្រោះតាមការព្រមព្រៀងនោះទេ ហើយសែកដែលក្រុមហ៊ុនចេញមកអោយជនរងគ្រោះក៏មិនមានសាច់ប្រាក់ ដែរ ពោលគឺ ជាសែកដែលគ្មានសាច់ប្រាក់ ទើបជនរងគ្រោះ ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច អោយមានការឃាត់ខ្លួនក្រុមជនសង្ស័យតែម្តង ។

ជាមួយគ្នានោះ​ ដើមបណ្តឹងរដ្ឋប្បវេណី ក៏បានសំណូមពរដល់ស្ថាប័នតុលាការ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក ប៉ក់ គន្ធាណារ៉ូ កុំឱ្យ​មានការរត់ការដោះលែងឱ្យសោះ ព្រោះ លោក ប៉ក់ គន្ធាណារ៉ូ មិនទាន់បានសម្របសម្រួលណាមួយ ជាមួយដើមបណ្ដឹងនោះទេ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print