ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីលិខិតរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលអង្គភាពមជ្ឈមណ្ឌលសារព័ត៌មានកាសែតនគរវត្ត និងនគរដ្រេហ្គនទទួលបាននៅព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានចុះធ្វេីអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ហេីយ។
ជាក់ស្ដែងយោងតាមលិខិតខាងលេីនេះ បានបញ្ជាក់ថា ជម្រាបជូនលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កម្មវត្ថុ ស្តីពីការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់។
យោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកស្រី ជ្រាបថា៖ កន្លងមកសារព័ត៌មានកាសែតនគរវត្ត( nokorwatnews )បានចុះផ្សាយ និងលើកឡើង ពាក់ព័ន្ធនឹងឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋ ផ្តិតមេដៃស្នើសុំផ្លាស់ប្ដូរចេញពីស្មៀនឃុំព្រែកខ្សាច់ ប៉ុន្តែករណីនេះឈ្មោះ សែម លីវិជ្ជរី ជាមន្ត្រីនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ បានគំរាមកំហែងប្រជាពលរដ្ឋឱ្យផ្តិតមេដៃគាំទ្រឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ទៅវិញ។
ករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ប្រតិភូអធិការកិច្ចដឹកនាំដោយលោក សៅ ប្រសិដ្ឋ អនុប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៦រូប ឱ្យចុះបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ បញ្ចប់បេសកកម្ម។
អាស្រ័យហេតុនេះ សូម លោកស្រី អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជ្រាបជា ព័ត៌មាន និងផ្តល់កិច្ចសហការដល់ប្រតិភូអធិការកិច្ច ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ៕ដោយ៖ស តារា