ចេញពីក្លិប​បើករថយន្ត​លឿនរេចង្កូត​ទៅ​បុក​រះ​ឡំប្រឺតានិងបុក​របង​ការដ្ឋាន​សំណង់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ចេញពី​ក្លិប​កម្សាន្ត​បើករថយន្ត​លឿន​រេចង្កូត​ទៅ​បុក​រះ​ឡំប្រឺតា និង​បន្ត​ទៅបុក​របង​ការដ្ឋាន​សំណង់​នៅ​ក្បែរ​នោះ​ទៀតបណ្តាល​ឱ្យរង​ការ​ខូចខាត ​តែសំណាងល្អ​មិនបណ្តាលឱ្យមានអ្នករង​របួស​នោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​៣​និង​១៥​ទៀប​ភ្លឺថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​វិថី​ព្រះ​សុធារស កែង​ផ្លូវលេខ​២៩៤ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។
​ប្រភព​ព័ត៌មានពី​ម្ចាស់​ឡំប្រឺតាបាន​ឱ្យដឹង​ថា មុន​ពេល​កើតហេតុគាត់បាន​ដឹក​ភ្ញៀវ​នារី​២​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​វិថី​ព្រះ​សុធារស ហើយ​បាន​ឈប់​ឡំប្រឺតា​ដើម្បី​រង់ចាំ​ភ្ញៀវ​ចុះ​ទិញ​អីវ៉ាន់ ពេល​នោះ​ស្រាប់តែ​មាន​ឡំប្រឺតា​មួយ​គ្រឿង​ទៀត​មក​ឈប់​ពីក្រោយ​ឡំប្រឺតា​របស់​គាត់។ ប្រភពព័ត៌មាន​បន្តទៀត​ថា ខណៈ​​នោះ​ដែរស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BD-6494 បើកបរ​និង​រួម​ដំណើរ​ដោយ​បុរស​២​នាក់​ទើបនឹង​ចេញពី​ក្លិប​កម្សាន្ត​ហើយទំនងជា​ស្រវឹងស្រាខ្លាំង ​បានបើករថយន្តយ៉ាង​លឿន​តាម​បណ្ដោយ​វិថី​ព្រះ​សុធារសក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុស្រាប់តែ​រថយន្ត​នោះ​រេចង្កូត​ទៅ​ខាងស្តាំ​​បុក​រះ​ឡំប្រឺតា​២​គ្រឿងនោះបណ្តាលឱ្យរង​ការ​ខូចខាត​តិចតួច រួចហើយរថយន្តបង្កបានបន្ត​ទៅ​បុក​​របង​ការដ្ឋាន​សំណង់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ធ្វើឱ្យ​រលំ​របង​ស័ង្កសី​មួយ​ផ្ទាំង ចំណែក​រថយន្ត​វិញរង​ការ​ខូចខាត​មួយ​កំណាត់​​មុខ។
បន្ទាប់ពី​កើតហេតុ ម្ចាស់​រថយន្ត​បាន​ចេញ​មក​សំពះសុំទោសម្ចាស់​ឡំប្រឺតា ព្រមទាំង​ចរចា​សងការ​ខូច​ខាតទៅ​ម្ចាស់​ឡំប្រឺតា ដើម្បី​បញ្ចប់រឿង​នៅកន្លែងកើតហេតុ​។ ចំណែក​របង​ការដ្ឋាន​សំណង់​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ទើប​សមត្ថកិច្ចជំនាញចរាចរ​ណ៍ធ្វើការវាស់វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិកា​រដ្ឋា​ន​ខណ្ឌចំការមន​ជា​បណ្តោះអាសន្នរង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួនមក​ដោះស្រាយ​គ្នា​ជាមួយ​ខាង​ការដ្ឋាន​នៅ​ពេល​ក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print