ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបទៅនឹងគេហទំព័រសារព័ត៌មាន «រស្មីក្រុងតាខ្មៅ» ដែលបានចុះផ្សាយមានខ្លឹមសារថា ៖ មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់តាមប្រពន្ធអនឡាញគ្រប់ប្រភេទក្នុងសង្កាត់កំពង់សំណាញ់ ហាងឈ្មោះ ហេង វុត្ថា។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១២ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើយតបករណីខាងលើ។ ជាលទ្ធផល៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្រាវជ្រាវត្រួតពិនិត្យដល់ទីតាំងដែលសារព័ត៌មានបានចុះផ្សាយខាងលើ ស្ថិតនៅភូមិកំព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជួបជាមួយម្ចាស់អាជីករលក់កាហ្វេឈ្មោះ ហេង ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់កាហ្វេ នៅតាមបណ្ដោយផ្លូវ២១១។
តាមការពិនិត្យជាក់ស្តែង ទីតាំងនេះមានការបើកប៉ុស្តិ៍ទូរទស្សន៍ជល់មាន់អនឡាញប្រាកដមែន។ ប៉ុន្តែបើកមើលការជល់លេងសប្បាយ ទេ ដោយមិនមានការភ្នាល់ដាក់លុយច្រើនឡើយ គឺមើលច្រើនតែបងប្អូនឯងដែលចូលចិត្តការចិញ្ចឹមមាន់ តែប៉ុណោះ ចំពោះ តុកាហ្វេ គឺមានតែ០២ទេ។
ចំណាត់ការ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ និងចៅសង្កាត់រងទី១ បានធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាពបើកផ្តល់ទីតាំងជល់មាន់តាមទូរទសន៍អនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖អារុណរះ