ក្រសួងយុត្តិធម៌រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ ដើម្បីចូលរួមចំណែកផ្តល់ឈាមសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស

ចែករំលែក៖

ភ្នំពេញ : ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កម្មវិធីបរិច្ចាគឈាមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, លោក ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, សមាជិក ស.ស.យ.ក វិស័យយុត្តិធម៌, ក្រឡាបញ្ជី, អាជ្ញាសាលា, សារការី, មេធាវី, អ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសរុបជិត ៣០០ នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»។ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការចូលរួមយ៉ាងផុលផុសក្នុងការបរិច្ចាគឈាមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌មួយ ដែលត្រូវចាត់ទុកថាជាការចូលរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងនាមជាមន្ត្រីរាជការបម្រើការងារជូនប្រជាជន និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីជួយបំពេញនូវតម្រូវការដ៏ចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ  លោក លោកស្រី ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងក្រុមការងាររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចដំណើរការនៃកម្មវិធីដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះឡើងផងដែរ៕..

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print