ភ្នំពេញ៖ នារីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តទំនើបម៉ាកALPHARD ដែលកំពុងបត់ត្រឡប់ក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២នៅត្រង់ចំណុចមុខអគារអេដវូដ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីដែលស្លាប់បាត់បង់ជីវិតមានកាតចាក់វ៉ាក់សាំងជាប់នឹងខ្លួនមួយសន្លឹក មាន ឈ្មោះថន ចន្ធីម ចំណែកបុរសពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BP-6892 ដោយដឹកបុរសជនជាតិចិនម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានម៉ូតូហុងដាស្គូពីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IV-0989 ជិះគ្នា៣នាក់ប្រុស២ នាក់ស្រីម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលបោកទៅលើថ្នល់រងរបួសធ្ងន់ទាំំង៣នាក់។ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសលជនរងគ្រោះជានារីម្នាក់រងរបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ហើយត្រូវរថយន្តសង្គ្រោះបន្ទាន់យកមកកន្លែងកើតហេតុវិញ។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ