ភ្នំពេញ : នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅក្នុងជំនួបនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានសម្តែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោក ប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅ ក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។
លោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅក្នុងតួនាទី នាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជា ប្រធានអាស៊ានរបស់កម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ លោកឧបការី ក៏ បានពាំនាំនូវការអះអាងជាថ្មីរបស់ លោករដ្ឋមន្ត្រីការបរទេស Antony Blinken អំពីការគាំទ របស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់ លោក ឱ្យបន្ដផ្ដល់ឡើងវិញ ដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកើតសរសើរចំពោះជំនួយមនុស្សធម៌សហរដ្ឋអាមេរិក ដែលបានផ្ដល់មកឱ្យកម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំង Pfizer និង Johnson & Johnson ជាង៣លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) ក៏ដូចជាជំនួយអភិវឌ្ឍលើវិស័យអប់រំ សុខាភិបាល កសិកម្ម បម្រែបម្រួលអាកាសធាតុ ការបោសសម្អាតមីន ជាដើម ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា “ប្រទេស ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ។
នៅក្នុងក្របខណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រី ការបរទេស Daniel Kritenbrink បានសម្តែងនូវការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន បញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។ លោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពី សារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ កំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ច ប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ (EAS) លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។
លោកឧបនាយករដ្ឋមន្តី បានជម្រាបជូន លោកឧបការីរដ្ឋមន្ត្រីការបរទេសអំពីការវិវត្តន៍ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជា ប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំ អាស៊ាន ព្រមទាំងលទ្ធផលជាក់ស្តែងមួយចំនួនដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅ ខាងលើផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដោយត្រួសៗអំពីដំណើរទស្សនកិច្ច លើកទី២ របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ដោយសង្កត់ធ្ងន់អំពីវឌ្ឍនភាព ដែលសម្រេច បានក្នុងទស្សនកិច្ច ពិសេសគឺការជួបប្រជុំជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOS) ចំនួន៧
និងគណបក្សនយោបាយចំនួន៧ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០។ ឯកឧត្តមឧបការីរដ្ឋមន្ត្រី Daniel Kritenbrink បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់លោកឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ក្នុងការ រួមចំណែកជួយដល់មីយ៉ានម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បាន ផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមាន ផលប្រយោជន៍រួមផងដែរ៕
ដោយ : សុខ ខេមរា