ប្រធានាធិបតី បេឡារូស លោក Alexander Lukashenko បានលើកឡើងពីគោលនយោបាយរបស់ប្រទេសលោកខាងលិចកំពុងតែរុញច្រានពិភពលោកទាំងមូលទៅកាន់មាត់រណ្តៅនៃសង្គ្រាម ទ្រង់ទ្រាយធំ ដោយមិនអាចកំណត់បានអ្នកចាញ់អ្នកឈ្នះ។
សារព័ត៌មាន BelTA របស់ប្រទេសបេឡារូស បានផ្សាយថា «ជារឿងអកុសលដែលគោលនយោបាយរបស់ប្រទេសលោកខាងលិចកំពុងតែធ្វើឱ្យពិភពលោកធ្លាក់ក្នុងសង្គ្រាមដោយមិនមានអ្នកចាញ់អ្នកឈ្នះនោះឡើយ»។
ប្រមុខដឹកនាំប្រទេសបេឡារូស បានចោទប្រកាន់អាមេរិកនៅពីក្រោយការជំរុញអង្គការណាតូ ធ្វើឱ្យកម្លាំងនិងសន្តិសុខរបស់ប្រទេស រុស្ស៊ី និងបេឡារូសចុះខ្យោយ។ ប្រធានាធិបតីបេឡារូសបញ្ជាក់ទៀតថា ស្ថានភាពដែលកំពុងកើតឡើងនៅជុំវិញប្រទេសបេឡារូស និងរុស្ស៊ី ចាំបាច់ត្រូវតែតាមដានយ៉ាងល្អិតល្អន់បំផុត បើមិនដូច្នោះទេនឹងមានសង្គ្រាមផ្ទុះឡើង។
ប្រធានាធិបតី Alexander Lukashenko បានបញ្ជាក់ថា លោកខាងលិចបានបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក ដោយមានគម្រោងយូរមកហើយ គឺដើរផ្ទុយជាមួយផលប្រយោជន៍ជាតិ ។ លោកក៏បានចោទប្រកាន់ណាតូ កំពុងតែបង្កើនកម្លាំងនិងអាវុធ ទៅកាន់ព្រំដែនប្រទេសដែលសម្ព័ន្ធយោធាមួយនេះចាត់ទុកថាជាសត្រូវ៕ ដោយធីរីណា