ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មែន ភាន់ ពាក់ព័ន្ធការឈូសឆាយដីព្រៃឈើ ហ៊ុមព័ទ្ធស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើអូរសំពង់ -ភ្នំសេវា

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក តឹប ញតា នាយអធិការខាងជើងបឹងទន្លេសាបបានដឹកនាំកម្លាំងចម្រុះដោយមានការចូលរួមពីលោកប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកសន្ទុក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ។ ជាក់ស្តែង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មែន ភាន់ អាយុ៥៧ឆ្នាំ ដែលមានការសង្ស័យពាក់ព័ន្ធនឹងការដុត កាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរសំពង់-ភ្នំសេវា ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិ ស្ថិតក្នុងភូមិសាស្រ្តភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមប្រភពពីសមត្ថកិច្ចអធិការខាងជើងបឹងទន្លេសាបឱ្យដឹងថា ឈ្មោះ មែន ភាន់នេះខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានចងក្រងសំណុំរឿងទៅតុលាការខេត្តកំពង់ធំ យោងតាមដីកាអម លេខ៥០១ ខរព-កឆ របស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មកដល់ពេលនេះជននេះបាននាំបក្សពួកមកសម្អាតដីស្ថានីយ និងយកកូនកៅស៊ូមកដាក់ក្នុងស្ថានីយ ដោយបង្កើតជាថ្នាលតម្កល់កូនកៅស៊ូចំនួន១០.០០០ដើមទៅ១៥.០០០ដើម ។

ប្រភពដដែលបន្ថែមទៀតថា បុគ្គលឈ្មោះ មែន ភាន់ និងបក្ខពួកបានកាប់ រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតំបន់អូរសំពង់ ក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើអូរសំពង់-ភ្នំសេវា អស់ប្រមាណជាង៤០ហិតា។ ប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះគឺមានអ្នកគាំទ្រនៅពីក្រោយខ្នងជាបុគ្គលមន្ត្រីនគរបាលផ្នែកសេដ្ឋកិច្ច និងមន្ត្រីកងរាជអាវុធហត្ថផងដែរ ទើបជននេះហ៊ានប្រព្រឹត្តទង្វើល្មើសបែបនេះ។

ទាំងនេះគ្រាន់តែជាប្រភពម្ខាងផ្ដល់ឱ្យតែប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ មែន ភាន់ សមត្ថកិច្ចកំពុងយកទៅសាកសួរនៅស្នងការដ្ឋានខេត្តកំពង់ធំ ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវជ្រាវរកបក្សពួកបន្ថែម ដើម្បីឃាត់ខ្លួនតាមនីតិវិធីបន្ត។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ កូនកៅស៊ូមិនទាន់ដាំចំនួនជិត២ពាន់ដើម , គ្រឿងចក្រកែច្នៃជាមធ្យោបាយសម្រាប់បាញ់ថ្នាំ១គ្រឿង , ម៉ាស៊ីនកាត់ស្មៅ១គ្រឿង, ធុងបាញ់ថ្នាំ១ និងវត្ថុតាងមួយចំនួនទៀតផងដែរ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print