ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តកែប កំពត ព្រះសីហនុ(កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង(វៀតណាម) ឆ្នាំ២០២១ ក្រោយការរីករាលដាលនូវជំងឺកូវីដ-១៩ ជាសកល និងការខិតខំប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់របស់រាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ។
ប្រតិភូនគរបាលខេត្តគៀនយ៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់ហឹង នាយកមន្ទីរនគរបាលខេត្តគៀនយ៉ាង និងប្រតិភូចំនួន១៤នាក់ ។ ចំណែកខេត្តកែប ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន២០នាក់ ។ ខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេសេនីយ៍ត្រី ជៀវ សាមិត្ត ស្នងការរងនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន១៥នាក់ និងខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ១៩នាក់ ។
អង្គប្រជុំបានស្តាប់របាយការណ៍បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស នានា តាមតំបន់ព្រំដែនគោក និងតាមដែនទឹកប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ រួមមាន ៖ បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត ។
ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរនគរបាលខេត្តគៀនយ៉ាង(វៀតណាម) និង លោកស្នងការនគរបាលទាំងបីខេត្ត (កម្ពុជា) បានមានប្រសាសន៍ដោយឯកភាពលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំកន្លងមក ព្រមទាំងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងប្រទេសទាំងពីរ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យបានល្អបន្ថែមទៀតផងដែរ ៕ដោយ៖សហការី