ខេត្តក្រចេះ៖ មន្ត្រីរួមទាំងប្រជាពលរដ្ឋផងដែរ បានសម្តែងនូវការអន់ចិត្តនិងរិះគន់យ៉ាងខ្លាំងទៅលើលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដែលបានយកដីរបស់អង្គភាពជួលឲ្យឯកជនធ្វើជាទីតាំងស្តុកខ្សាច់ បូមខ្សាច់ និងការដឹកជញ្ជូនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីនោះយ៉ាងធ្ងន់ធ្ងរ ពិសេសផ្លូវលំក្នុងភូមិត្រូវបានដឹកលើសទម្ងន់បំផ្លាញ តែសមត្ថកិច្ចអាជ្ញាធរមិនទាន់មានវិធានការធ្វើការក្នុងរឿងនេះ។
ប្រជាពលរដ្ឋនិយាយថា ផ្លូវលំត្រូវបានបំផ្លាញ ស្ពានក្រគរ ដែលមានសភាពទ្រុឌទ្រោមក៏ត្រូវបានឡានដឹកខ្សាច់ឆ្លងកាត់រាល់ថ្ងៃដោយការផ្ទុកលើសទម្ងន់ ប្រឈមនិងការខូចខាត ប៉ុន្តែលោកស្រេង ស្រស់ អ្នកគ្រប់គ្រងការងារនេះមិនអើពើ ទើបឈ្មួញធ្វើអាជីវកម្មបូមខ្សាច់ដឹកបំផ្លាញផ្លូវក្នុងភូមិ និងស្ពានខាងលើនេះតាមអំពើចិត្ត។
ទីតាំងដីដែលលោកស្រេង ស្រស់ ជួលទៅឲ្យលោក រស់ ចិន្តា ហៅតាឆាខ្វៃ មានទីតាំងស្ថិតនៅភូមិ-សង្កាត់ក្រគរ ក្រុង-ខេត្តក្រចេះ។ ពីមុនដីខាងលើនេះជាកន្លែងរក្សាទុកគ្រឿងចក្រគ្រប់ប្រភេទរបស់អង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តែបច្ចុប្បន្នក្លាយទៅជាទីតាំងឈ្មួញធ្វើអាជីវកម្មបូមខ្សាច់ ស្តុតខ្សាច់ ដឹកជញ្ជូន អាចជាការទទួលនូវលាភសការៈរវាងឈ្មួញ និងលោកស្រេង ស្រស់។
ទាក់ទិនករណីនេះលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះនារសៀសថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានប្រាប់នគរដ្រេហ្គន តាមទូរស័ព្ទថាៈ ករណីនិងខ្ញុំមិនបានជួលឲ្យអ្នកណាទេ តាមពិតគាត់ពីមុននៅផ្នែកខាងលើ ក៏មកដាក់ទីតាំងនេះធ្វើជាកន្លែងបូមខ្សាច់ បានជិតជាងមុន។
លោកបន្តថា ខ្ញុំឯណាទៅហ៊ានយកដីរដ្ឋទៅជួលឲ្យឯកជន គ្រាន់តែរឿងនេះខ្ញុំឲ្យគេដាក់ ហើយក៏ទទួលបានការងារខ្លះដូចជា បានខ្សាច់យកមកធ្វើការឬពេលខ្លះខាងអង្គភាពអស់តែសាហុយចេញថ្លៃសាំង និងកម្រៃពលកម្មឲ្យទៅគេ ក៏បានមកវិញខ្សាច់សម្រាប់មកធ្វើកិច្ចការផ្សេងៗ។ ដូច្នេះកុំយល់ច្រលំអី ខាងគេជួយយើង យើងក៏ជួយគេវិញ បើរឿងជួលមិនហ៊ានធ្វើទេ។
គួររំលឹកថាលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះកន្លងទៅរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋ មន្ត្រីរាជការ ខណៈផ្លូវជាតិក្នុងមូលដ្ឋានត្រូវបានឈ្មួញ ដឹកឈើ ថ្ម គ្រួស ខ្សាច់ ដី ទុកលើសទម្ងន់បំផ្លាញ។ ដោយឡែកករណីទីតាំងជញ្ជីងថ្លឹងរថយន្ត មន្ត្រីរបស់គាត់រួមជាមួយនិងអនុប្រធានមន្ទីរមួយរូបទៀត មិនបានត្រួតពិនិត្យទៅលើរថយន្តផ្ទុកលើសទម្ងន់តាមគោលការណ៍ក្រសួងនោះទេ គឺឃើញតែសកម្មភាពថ្លឹងក្រុមតៃកុងឡាន ព្រូឡានយកលុយឬដាក់ខែជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ៕
ដោយ៖ សីលា