ខេត្តព្រះសីហនុ : ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមជាមួយកម្លាំងសមត្ថកិច្ច បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រនោះហើយ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍សម្តែងការសោកស្តាយចំពោះមរណភាពអ្នកនេសាទរូបនេះ បើទោះជាក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ានិងសមត្ថកិច្ច បានស្វះស្វែងរកជួយសង្គ្រោះយ៉ាងណាក្តី ក្រោយពីបុរសអ្នកនេសាទរូបនេះ ធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ សាកសពជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច បានរកឃើញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំណុចខាងជើងកោះរ៉ុង ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, ជនរងគ្រោះមានឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំណុច ចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម រួចបាត់ខ្លួន។
បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយកសាកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយ ក្នុងនោះជាមួយការរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក៍បានចូលជាបច្ចយ័បុណ្យសពចំនួន២លានរៀលផងដែរ ៕
ដោយ : សហការី