ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរត្ន័សាខនឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃ សហគមន៍ និងដីធ្លីប្រជាពលរដ្ឋនៅតែបន្តកើតមានឥតឈប់ឈរ ហើយមន្ត្រីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនោះទេ ។ ជន ជាតិដើមភាគតិចទំពួននៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរីកំពុង ស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរឲ្យជួយដោះស្រាយរឿងក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ច រ័ត្ន សាខន ឈូសឆាយទៅលើដីត្រៀមបម្រុងរបស់សហគមន៍។
ជនជាតិដើមភាគតិចទំពួន ភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់បានខ្សឹបថា ដីព្រៃ ត្រៀមបម្រុងទុករបស់សហគមន៍ប្រមាណ១០០០ហិកតាត្រូវក្រុមហ៊ុន រ័ត្ន សាខន ឈូស ឆាយទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់ដោយគ្មានញញើតអ្វីទាំងអស់។ តំណាងជនជាតិ ដើមភាគតិចទំពួនបានឲ្យដឹងថា ពួកគាត់រង់ចាំដំណោះស្រាយអស់រយៈពេលជិត១ឆ្នាំមកហើយនៅតែមិនទាន់ឃើញមន្ត្រីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធចាត់វិធានការដោះស្រាយឲ្យជ្រះស្រឡះនៅឡើយទេ ។ ក្នុងចំណោមដីសមូហភាពសហគមន៍ប្រមាណ ១០០០ហិកតាត្រូវក្រុមហ៊ុន រ័ត្ន សាខន ឈូសឆាយអស់ប្រមាណ៤០០ហិកតា កាលពី ពាក់កណ្ដាលឆ្នាំ២០១៥ ដែលមិនបានជូនដំណឹងឬពិភាក្សាជាមួយសហគមន៍ឡើយ ។
ដោយសារតែក្រុមហ៊ុន រ័ត្ន សាខន ចេះតែបំពានលើដីសមូហភាពរបស់សហគមន៍ជាបន្តបន្ទាប់ទើបជនជាតិដើមភាគតិចទំពួនក្នុងឃុំសេដាស្វែងរកកិច្ចអន្តរាគមន៍ មន្ត្រីអាជ្ញាធរព្រោះក្រុមហ៊ុននេះមិនអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យាជាមួយរដ្ឋា ភិបាលឡើយ ។ តំណាងសហគមន៍ភូមិសមុទ្រលើឃុំសេដាបានអំពាវនាវឲ្យ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់កុំឲ្យក្រុមហ៊ុន រ័ត្ន សាខន ធ្វើអ្វីៗ ស្រេចតែអំពើចិត្តទៀត ។
ក្រុមហ៊ុន រ័ត្ន សាខន ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង៨០០០ហិកតានៅក្នុងតំបន់ ដែនជម្រកសត្វព្រៃលំផាត់ក៏ប៉ុន្តែមួយផ្នែកដីសម្បទាននោះគឺក្រុមហ៊ុនបំពានទៅលើដីសហគមន៍ជនជាតិដើមភាគតិចទំពួនដោយគ្មានញញើតអ្វីទាំងអស់ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់