ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១៩ខែកក្កដាបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ង់ ដើម្បីពិភាក្សាបញ្ហាបន្ទាន់នៅក្នុងតំបន់ដែលកំពុងប្រឈមមុខ។
ប្រធានាធិបតីពូទីនបានទៅដល់អុីរ៉ង់ហើយដើម្បីពិភាក្សាជាមួយប្រធានាធិបតី Ebrahim Raisi និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdoganលើបញ្ហាដែលប្រទេសក្នុងតំបន់កំពុងប្រឈមមុខ។ បញ្ហាដែលប្រមុខដឹកនាំប្រទេសទាំង៣ជួបពិភាក្សាគ្នានោះ គឺមានសង្គ្រាមនៅក្នុងប្រទេសស៊ីរី ក៏ដូចជាការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនពីកំពង់ផែនៅក្នុងតំបន់សមុទ្រខ្មៅដើម្បីទប់ស្កាត់វិបត្តិកង្វះស្បៀងអាហារលើពិភពលោក។
សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទីពីររបស់ប្រធានាធិបតីរុស្ស៊ីក្រៅពីប្រទេសអតីតសហភាពសូវៀត ចាប់តាំងពីទីក្រុងមូស្គូវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន។
គោលដៅសំខាន់នៃកិច្ចពិភាក្សាត្រីភាគី គឺសង្គ្រាមអូសបន្លាយច្រើនឆ្នាំនៅក្នុងប្រទេសស៊ីរី ដែលប្រទេស រុស្ស៊ីនិងអុីរ៉ង់គាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតី អាល់ អាសាដ ។ ចំណែកតួកគីគាំទ្រក្រុមប្រឆាំងប្រដាប់ដោយអាវុធនៅក្នុងប្រទេសស៊ីរី ៕ ដោយ ធីរីណា
រូបថត : TTXVN-VNA