រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអុីរ៉ង់ទប់ទល់លោកខាងលិច

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់អុីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុងរដ្ឋធានីតេអេរ៉ង់។ នៅក្នុងជំនួបពិភាក្សាគ្នានោះ ប្រធានាធិបតីពូទីនបានបញ្ជាក់ពីសារៈសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីក្នុងពេលរុស្ស៊ីរងគំនាបយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច។

ចំណែកមេដឹកនាំអុីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីនថា បើទោះជាលោកមិនបានចាប់ផ្ដើមសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ក៏នៅទីបំផុតទៅ បក្សសម្ព័ន្ធយោធាណាតូ (NATO) គឺជាអ្នកចាប់ផ្ដើមសង្រ្គាមនេះដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធទី២០ ខែកក្កដា ឆ្នាំ២០២២។
ការលើកឡើងរបស់លោកខាមេនី ត្រូវបានដកស្រង់ចេញផ្សាយនៅលើគេហទំព័ររបស់លោក បន្ទាប់ពីរូបលោកផ្ទាល់បានជួបពិភាក្សាការងារជាមួយលោកពូទីន កាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងទីក្រុងតេអេរ៉ង់។ លោក ខាមេនី បានលើកឡើងដូច្នេះថា «អ៉ីរ៉ង់មិនចង់ឃើញសង្រ្គាមដែលជាអំពើហិង្សា និងបញ្ហាដ៏ស្មុគស្មាញកើតឡើងនោះទេ។ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន បើទោះជាអ្នក (លោកពូទីន) មិនបានចាប់ផ្ដើមសង្រ្គាមនេះមុនក៏ដោយ ក៏ភាគីដទៃ (ណាតូ) អាចនឹងក្លាយជាអ្នកចាប់ផ្ដើមមុន ហើយបង្កសង្រ្គាមនេះឡើងដដែល»។
មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ ក៏បានរិះគន់ដែរថា លោកខាងលិចបានប្រឆាំងនឹងភាពខ្លាំងក្លា និងឯករាជ្យភាពរបស់រុស្ស៉ី។ «បក្សសម្ព័ន្ធណាតូមិនចេះ ស្កប់ស្កល់នោះទេ ប្រសិនបើឱកាសនៅតែមាន ហើយទោះជាសង្រ្គាមមិនកើតឡើងនៅអ៊ុយក្រែន ក៏ពួកគេអាចនឹងចាប់ផ្ដើមសង្រ្គាមដោយប្រើ តំបន់គ្រីមៀ ជាលេសដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ខាមេនី។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសអ៉ីរ៉ង់ជាទីដែលលោកត្រូវជួបពិភាក្សាជាមួយមេដឹកនាំអ៉ីរ៉ង់ និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិនបញ្ចប់ទស្សនកិច្ចនៅអ៉ីស្រាអែល និងអារ៉ាប៊ីសាអូ៊ឌីត ហើយដែលនេះអាចជាសារមួយដែលលោកពូទីនចង់បញ្ជូនទៅកាន់លោកខាងលិចថា ទីក្រុងមូស្គូ នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ៉ីរ៉ង់ ឥណ្ឌា និងចិន ដើម្បីទប់ទល់ជាមួយលោកខាងលិច៕ ដោយធីរីណា

...

រូប​ថត​ :​ EPA-EFE

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print