ក្លិបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ពី Bayern Munich ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំដែលមានតម្លៃ៥០លានអឺរ៉ូ (៤២.៦លានផោន) ។
កីឡាករវ័យ៣៣ឆ្នាំរូបនេះនៅសល់កុងត្រា១ឆ្នាំទៀតជាមួយក្លិបជើងឯកអាល្លឺម៉ង់ ប៉ុន្តែកាលពីខែឧសភាបាននិយាយថា “រឿងរបស់ខ្ញុំជាមួយ Bayern Munich ចប់ហើយ”។ គាត់បានចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅ Miami ដែលជាផ្នែកមួយនៃដំណើរប្រកួតទេសចរណ៍៤ប្រកួតរបស់ Barcelona មុនរដូវកាលនៅសហរដ្ឋអាមេរិក។
Lewandowski បាននិយាយថា “ទីបំផុតខ្ញុំនៅទីនេះ ខ្ញុំពិតជារីករាយដែលបាននៅ Barcelona។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានរយៈពេលវែងណាស់ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ចប់ ហើយឥឡូវនេះខ្ញុំអាចផ្តោតលើក្រុមថ្មី និងបញ្ហាប្រឈមនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែចង់លេងនៅ La Liga និងសម្រាប់ក្លិបធំៗ។ ខ្ញុំមកទីនេះដើម្បីជួយ Barcelona ត្រលប់មកកំពូលវិញ និងឈ្នះពានជាច្រើនតាមដែលអាចធ្វើបាន”។
Lewandowski ដែលមានលក្ខខណ្ឌទិញយក៥០០លានអឺរ៉ូ (៤២៥.៩លានផោន) បានចូលរួមជាមួយ Bayern Munich ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួនក្នុងឆ្នាំ២០១៤ បន្ទាប់ពីការចាកចេញរបស់គាត់ពី Borussia Dortmund។ គាត់បានស៊ុតបញ្ចូលទីបាន៥០គ្រាប់ក្នុង៤៦ប្រកួតកាលពីរដូវកាលមុន ខណៈដែលគាត់បានជួយ Bayern Munich ឈ្នះពាន Bundesliga ១០ដងជាប់ៗគ្នា។
Lewandowski ស៊ុតបញ្ចូលទីបាន៣៤៤គ្រាប់ ក្នុង៣៧៤ប្រកួតសម្រាប់ក្លិប ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតទី២របស់ពួកគេបន្ទាប់ពី Gerd Muller។ គាត់ បាន ឈ្នះ ពាន លីក ទាំង៨ ក្នុង រដូវ កាល របស់ គាត់ នៅ Bayern Munich ហើយ ក៏ បានឈ្នះ Champions League ផង ដែរ ក្នុង ឆ្នាំ២០១៩–២០២០។
Lewandowski គឺជាកីឡាករទី៤របស់ Barcelona ដែលបានចុះហត្ថលេខានៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើស្លាបប្រេស៊ីលRaphinha ចូលរួមពីក្រុម Leeds United ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់៥៥លានផោន ខណៈដែលខ្សែបម្រើសញ្ជាតិកូតឌីវ័រ Franck Kessie និងខ្សែការពារ Andreas Christensen របស់ដាណឺម៉ាកបានមកដល់ក្នុងការផ្លាស់ប្តូរបន្ទាប់ពីកិច្ចសន្យារៀងៗខ្លួនជាមួយ AC Milan និង Chelsea ។
ខ្សែ បម្រើ ស្លាប ជម្រើស ជាតិ បារាំង Ousmane Dembele ក៏ បាន ចុះ ហត្ថលេខា បន្ត កុងត្រា ជាមួយ Barcelona នៅ រដូវក្ដៅ នេះ។ ទន្ទឹមនឹងនេះដែរ Bayern Munich បានចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt ពី Juventus ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៧៧លានអឺរ៉ូ (៦៥.៦លានផោន) ៕ (រូបភាព ៖ BBC Sport)