គ្រឿងចក្រលាយបេតុងខ្នាតយក្ស ដែលមិនមានច្បាប់សាងសង់រលំបាក់បង្កការភ្ញាក់ផ្អើលកណ្ដាលក្រុងសែនមនោរម្យទាំងថ្ងៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  គ្រឿងចក្រលាយបេតុងខ្នាតយក្ស ដែលមិនមានច្បាប់សាងសង់ មិនមានច្បាប់អាជីវកម្ម និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ឋមួយកន្លែង បានដួលបាក់រលំបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកមានផ្ទះជិត ខាងនោះ ព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិ ដែលហេតុការគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃ ត្រង់ ថ្ងៃទី២០ កក្កដា ២០២២ ចំនុចជិតថ្នាលបណ្តុះកូនឈើសែនមនោរម្យ ភូមិចំការតែ សង្កាត់ស្ពានមាន ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនកើតហេតុនាព្រឹកថ្ងៃទី២០ កក្កដា គេបានឃើញរថយន្តដឹកស៊ីម៉ង់ត៍ទម្ងន់រាប់សិបតោន បានឈប់ផ្ទេរស៊ីម៉ង់ត៍ចេញពីរថយន្តសណ្តោង បញ្ជូនទៅតៅឬស៊ីទែនផ្ទុក ដែលមានជើងទំរកំពស់ប្រមាណ២០ម៉ែត្រ ចំនួនបី។ ប្រជាពលរដ្ឋបន្តថា នៅវេលាម៉ោងប្រមាណ១១និង ៣០នាទីព្រឹកថ្ងៃដដែល ក៏មានភ្លៀងធ្លាក់មួយមេធំ បានមួយសន្ទុះស្រាប់តែគេប្រទះឃើញថា តៅសម្រាប់ផ្ទុកស៊ីម៉ង់ត៍មួយក្នុងចំណោមបី បានបាក់ទ្រេតដល់ដីហុយ ទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយក្រុមមន្ទីរជំនាញដែលបានចុះដល់កន្លែងកើត ហេតុ រួមមានអាជ្ញាធរក្រុង,មន្ត្រីមន្ទីរដែនដី,មន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៏ សមត្ថកិច្ចនគរបាលនិងអាវុធហត្ថរកឃើញថា ទីតាំងដែលដំឡើងម៉ាស៊ីនស្វ័យប្រវត្តិលាយបេតុងស្រាប់ខាង លើនេះ បានធ្វើអាជីវកម្មដោយគ្មានសុំច្បាប់អនុញ្ញាតពីមន្ត្រីជំនាញណាទាំងអស់ រួមទាំងអាជ្ញាធរដែនដី។

ខណៈមន្ត្រីជំនាញទាំងអស់កំពុងចុះពិនិត្យពីផលប៉ះ ពាល់ ដែលបណ្តាលមកពីការបាក់តៅផ្ទុកស៊ីម៉ងត៍ឆៅនេះ ម្ចាស់ឃ្លាំងសំណង់ដែលមានឈ្មោះ ហ៊ាង ឆៃលី អះអាងថា មូលហេតុដែលបណ្តាលឲ្យបាក់នេះមិនមែន  ខុសបច្ចេកទេសទេ គឺមកពីផ្ទុកស៊ីម៉ង់ត៍លើសចំណុះ។តាមពាក្យគេប្រាប់…ព្រោះតៅមួយអាចផ្ទុកស៊ីម៉ង់ត៍បាន ១០០តោន បីតៅនេះមានចំនុះ៣០០តោន…បន្ទាប់ ពីដាក់ពេញ ក៏បាក់ស្រឹបតែ…។

លោក ឆៃលី បន្តថា ម៉ាស៊ីនដែលគាត់បានដំឡើងសម្រាប់ធ្វើបេតុងលាយស្រេចនេះ គ្មានក្រុមហ៊ុនណាសង់ឲ្យទេ ពោលគឺគាត់បានទិញពីកន្លែងក្ស័យធនមួយកន្លែង យកមកដំឡើងដោយខ្លួនឯងតាមរបៀប ចាប់ឆាយ។

លោក តូវ សុធារ៉ា ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៏ខេត្តមណ្ឌលគិរី បានឲ្យដឹងថា”ទីតាំងដែលគេបានសង់សំណង់សម្រាប់លាយបេតុងនេះ គឺមិនមានច្បាប់ពីខាងមន្ទីររបស់លោកនោះទេ ហើយកន្លងមកនេះ មន្ទីរបានចេញលិខិតអញ្ជើញម្ចាស់អាជីវកម្មខាងលើនោះ ទៅសុំច្បាប់និងប្រឹក្សាបច្ចេកទេសពីមន្ទីរ ប៉ុន្តែម្ចាស់ទីតាំងគឺមិនសហការជាមួយមន្ត្រីជំនាញឡើយ”។

សូមរំឮកថា មុនកើតមានករណីបាក់តៅផ្ទុកស៊ីម៉ង់ត៍ទម្ងន់រាប់រយតោននេះ ទីតាំងឃ្លាំងស្តុកគ្រឿងសំណង់ដ៏ធំនេះ ក៏ត្រូវបានអាជ្ញាធរក្រុងសែនមនោរម្យ និងមន្ទីរដែនដីខេត្តមណ្ឌលគិរី ចេញលិខិតផ្អាកការដ្ឋានពីរលើករួមមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ជុំវិញការសង់របងរំលោភយកអូរទឹកធម្មជាតិនៅខាងក្រោយឃ្លាំងនេះ។

ប៉ុន្តែម្ចាស់ទីតាំង លោក ហ៊ាង ឆៃលី ដែលមានងារជា ឯកឧត្តមផងនោះ មិនបានអនុវត្តន៏តាមមន្ត្រីជំនាញទេ ថែមទាំងបន្ថែមសកម្មភាពសាងសង់រួចរាល់ ហើយនៅថ្ងៃទី២០ កក្កដា ក៏កើតមានករណីបាក់រំលំគ្រឿងចក្រខ្នាតយក្សនេះម្តងទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print