ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នាលឿនពេកជ្រុលទៅបុករថយន្តចំពាក់កណ្តាលយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៣ កែងនឹងផ្លូវលេខ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្ស៥នាក់ទៀត មានស្រីមានប្រុសបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AV-2435 តាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីជើងទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានបុរស២នាក់ជិះម៉ូតូធុនធំពណ៌ខៀវឌុបគ្នា តាមបណ្តោយផ្លូវលេខ៣៥០ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ហើយពេលបើកមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ចំកណ្តាលទ្វារចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឱ្យម៉ូតូដួលហើយខ្ទាតមនុស្សចេញពីម៉ូតូបោកក្បាលនៅនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយជនរងគ្រោះឈ្មោះយ៉ែម ផាត រងរបួសធ្ងន់ពេកបានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកបុរសម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណទេបានរងរបួសធ្ងន់ ពេលនេះកំពុងសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ដើម្បីសួរបន្ត រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នានៅពេលក្រោយ និងបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ