ភ្នំពេញ៖ សិប្បកម្មស្លរដែក ដែលប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋរស់នៅជុំវិញ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីរិះរកមធ្យោបាយផ្សេងៗ ចៀសវាងផលប៉ះពាល់នានាទៅបងប្អូនប្រជាពលរដ្ឋ។
ការចុះពិនិត្យទីតាំងសិប្បកម្មស្លរដែកដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ គឺដោយយោងតាមស្មារតីនៅក្នុងវេទិកាសាធារណៈកាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមវត្តមានលោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី ប្រជាពលរដ្ឋបានលើកឡើងបញ្ហាមួយចំនួនដូច ប្រព័ន្ធលូ ការប្រមូលសំរាមយឺតយ៉ាវ របស់ក្រុមហ៊ុនស៊ិនទ្រី ល្បែងស៊ីសង ចោរកម្ម និងការប្រើប្រាស់គ្រឿងញៀន ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋសង្កត់ធ្ងន់ និងដែលជាជំងឺរាំរ៉ៃព្យាបាលមិនជាយូរយារមកហើយនោះ គឺនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី មានទីតាំងស្លរដែកមួយកន្លែង ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងសូរសម្លេងរំខានដល់ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងនោះយ៉ាងខ្លាំង។
ស្ទើរតែគ្រប់នៅក្នុងវេទិកាសាធារណៈ ដែលប្រជាពលរដ្ឋរស់នៅជុំវិញសិប្បកម្មស្លរដែកនោះ បានលើកឡើងពីទុក្ខលំបាករបស់ពួកគាត់ អំពីផលប៉ះពាល់មួយចំនួន កើតចេញពីរោងសិប្បកម្មស្លរដែកមួយនេះ ដូចជា បញ្ហាអម្រែងភ្លើងហុយ កំទេចធូរលី និងសូរសំឡេងរំខានចូលមកលំនៅដ្ឋានរបស់ប្រជាពលរដ្ឋបណ្តាលឲ្យកើតជំងឺផ្សេងៗផងដែរ។
លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ លោក បានបញ្ជាឲ្យមន្ត្រីជំនាញសាលាខណ្ឌ ចុះទៅពិនិត្យមើលជាក់ស្តែងរួចហើយ ក្នុងនោះពិនិត្យឃើញថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីរឧស្សាហ៍កម្មរាជធានីភ្នំពេញ ។ ដោយឡែកចំពោះផលប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋនោះ គឺលោកកំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀតនៅក្នុងទីតាំងសិប្បកម្មស្លរដែកមួយនេះ ចៀសវាងផលប៉ះពាល់ផ្សេងៗដល់ប្រជាពលរដ្ឋ។
លោក ប៉ឹល កុសល បានបញ្ជាក់បន្ថែមថា នៅថ្ងៃខាងមុខនេះលោកនឹងកោះហៅម្ចាស់ទីតាំងសិប្បកម្មស្លរដែកមួយនេះ និងអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ បើកកិច្ចប្រជុំមួយ ដើម្បីរកដំណោះស្រាយណាមួយល្អជូនបងប្អូនប្រជាពលរដ្ឋ ។
គួររំលឹកឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥ សាលាខណ្ឌសែនសុខបានចេញលិខិតមួយច្បាប់លេខ ០៨១ សជណ អវិ ចុះហេត្ថលេខា ដោយលោក លី សាវេត ជម្រាបជូនលោក គង់ ហុកឡេង ម្ចាស់ទីតាំងសិប្បកម្មស្លរដែក ស្តីពី ការផ្អាកអាជីវកម្ម ស្លរដែក និងតម្រូវឲ្យម្ចាស់រកទីតាំថ្មីដែលមិនប៉ះពាល់ ដល់អ្នកជិតខាង ប៉ុន្តែម្ចាស់ទីតាំងសិប្បកម្មស្លរដែកមួយនេះមិនគោរពតាមការណែនាំនោះឡើយ ។ ដោយសារតែសេចក្តីជូនដំណឹងហាក់គ្មានប្រសិទ្ធិភាព ក្រុមការងារសាលាខណ្ឌ និងសង្កាត់ ដឹកនាំកម្លាំងចម្រុះចុះផ្អាកជាបណ្តោះអាសន្ន ដោយយោងតាម លិខិតលេខ ០៨១ សជណ អ វិ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ របស់សាលាខណ្ឌសែនសុខ ។ ក្នុងករណីមិនអនុវត្តន៍តាមការណែនាំសាលាខណ្ឌ និងអនុវត្តន៍ វិធានការណ៍រដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិសម្ភារអ្វីឡើយ។
បើទោះបីជាអាជ្ញាធរខណ្ឌសែនសុខធ្លាប់ចេញសេចក្តីជូនដំណឹងដល់លោក គង់ ហុកឡេង ម្ចាស់ទីតាំងសិប្បកម្ម ស្តីពី ការផ្អាកអាជីវកម្មស្លរដែក និងតម្រូវឲ្យម្ចាស់រកទីតាំថ្មី ដែលមិនប៉ះពាល់ ដល់អ្នកជិតខាងជាច្រើនលើកច្រើនសារ ក៏សិប្បកម្មមួយនេះនៅដំណើរការយ៉ាងរលូនដដែល និងបន្តផលបង្កការរំខាន បញ្ហាអម្រែងភ្លើងហុយ និងកំទេចធូរលីរហូតមកដល់បច្ចុប្បន្ននេះ ៕
https://www.facebook.com/nkdnews/videos/557918674367871/
ដោយ៖ តុង សីហា