រដ្ឋមន្ត្រីការបរទេសហុងគ្រី បានប្រកាសថា ទីក្រុង Budapest ចាំបាច់ត្រូវតែទិញបន្ថែមថាមពលហ្គាសពីរុស្ស៊ី ចំនួន៧០០ លានម៉ែត្រគូបជាបន្តទៀត ។ លោកបន្តទៀតថា សន្តិសុខថាមពល មិនអាចធានាបានឡើយប្រសិនបើមិនមានថាមពលពីរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅទីក្រុង មូស្គូ នាថ្ងៃទី២១ខែកក្កដាថា «មនុស្សមួយចំនួន ក៏បានសន្យាខ្យល់ និងតាមដានក្តីស្រមៃ គ្មានការពិត។ តែការពិតមិនអាចផ្លាស់ប្តូរបានឡើយ ។ បើទោះបីចង់ឬមិនចង់ ការខ្វះប្រភពផ្គត់ផ្គង់ពីរុស្ស៊ី អឺរ៉ុបមិនអាចរកប្រភពផ្សេងមកជំនួសបានឡើយ»។
លោក Peter Szijjarto បានបញ្ជាក់ទៀតថា បើទោះបីថាមពលប្រើប្រាស់នៅក្នុងប្រទេសហុងគ្រីគ្រប់គ្រាន់ តែប្រទេសហុងគ្រីនៅតែមានបំណងពិភាក្សាទិញថាមពលពីរុស្ស៊ីបន្ថែមទៀត សម្រាប់រដូវរងារនៅក្នុងឆ្នាំនេះ ដែលចាប់ផ្តើមនៅពាក់កណ្តាលខែតុលា ។
ចំណែករុស្ស៊ីវិញ រដ្ឋមន្ត្រីការបរទេស Lavrov ក៏បានបញ្ជាក់ថា ការទិញថាមពលបន្ថែមនឹងត្រូវបានពីចារណាជាបន្ទាន់ ដើម្បីសម្រេចលក់ឲ្យហុងគ្រី។
រដ្ឋាភិបាលហុងគ្រី បានទិញថាមពលហ្គាសពីរុស្ស៊ី ដល់ទៅ ៨៥% និង ប្រេងសាំង៦៥% តាមកិច្ចព្រមព្រៀងផ្គត់ផ្គង់រយៈពេល ១៥ឆ្នាំ ជាមួយក្រុមហ៊ុន Gazprom៕
រូបថត : Reuters