ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃក្នុងការបំពេញភារកិច្ច តាមតួនាទី ដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សម្រេចបានកន្លងមក ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងកិច្ចសហការល្អជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
លោករដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែម រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ការចុះហត្ថលេខាទ្វេភាគីលើអនុស្សរណៈស្តីពីការធ្វើពាណិជ្ជកម្មអង្ករ និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនផ្សេងទៀត។
លោករដ្ឋមន្ត្រី ប៉ាន់ សូរស័ក្ដិ បន្ថែមថា ក្រសួងពាណិជ្ជកម្ម តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា តួយ៉ាងដូចជា៖ ការធ្វើប្រតិភូកម្មនូវមុខងារមួយចំនួនជាបន្តបន្ទាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ រួមមាន ការធ្វើប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី(D) សម្រាប់នាំចេញកសិផលដល់មន្ទីរពាណិជ្ជកម្មដែលជាប់ព្រំដែន ដើម្បីសម្រួលដល់អាជីវករធ្វើការនាំចេញកសិផល និងបន្តធ្វើការបណ្តុះបណា្តលដល់មន្រ្តីរាជការមន្ទីរពាណិជ្ជកម្មមួយចំនួនទៀតជាមុន ទាំងកម្រិតជំនាញនៃវិធានដើមកំណើតទំនិញ ក៏ដូចការប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញផងដែរ។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម បានកសាងលិខិតបទដ្ឋានគតិយុទ្ធជាច្រើន រួមមាន៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ហើយក៏កំពុងមមាញឹកក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងឯកសារគតិយុត្តិមួយចំនួនរួមមាន សេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានធ្វើការណែនាំការងារសំខាន់ៗ និងជាការងារអាទិភាពដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺទាំងអស់ ត្រូវបន្តបដិបត្តិឱ្យបានខ្ជប់ខ្ជួន ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងលទ្ធផលកាន់តែល្អប្រសើ។ ការងារសំខាន់ៗទាំងនោះរួមមាន៖
ទី១- មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
ទី២- មន្ត្រីទាំងអស់ត្រូវបន្តបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទី៣- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទី៥- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម សូម ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖សហការី