នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានទៅសួរសុខទុក្ខកម្លាំងទាហានអ៊ុយក្រែនដែលចូលរួមវគ្គហ្វឹកហាត់ នៅក្នុងប្រទេសអង់គ្លេស ។ លោកចនសុនក៏បានចូលរួមក្នុងការហ្វឹកហាត់គប់គ្រាប់បែកនិងប្រើប្រាស់កាំភ្លើងបាញ់រថក្រោះ ប្រភេទ NLAW ផងដែរ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសបានទៅសួរសុខទុក្ខកម្លាំងទាហាននៅជំរំហ្វឹកហាត់ Yorkshire ក្នុងប្រទេសអង់គ្លេស ដែលមានឯកទេសបង្វឹកហាត់ ទាហានអ៊ុយក្រែនសម្រាប់ប្រើប្រាស់អាវុធរបស់អង់គ្លេសដែលបានផ្តល់ជូនសម្រាប់ធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី។
នៅក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ចនសុនបានជជែកលេងជាមួយទាហានអ៊ុយក្រែន ក៏ដូចជាថតរូបអនុស្សាវរីយ៍ផងដែរ ។ នៅក្នុងរូបភាព លោកចនសុនបានកាន់គ្រាប់បែកគប់ទៅកាន់គោលដៅកំណត់ទុក។
នេះជាផ្នែកមួយដែលអង់គ្លេសបានសន្យាជាមួយអ៊ុយក្រែនក្នុងការបង្វឹកហាត់ទាហានអុ៊យក្រែន សម្រាប់ប្រើប្រាស់អាវុធដែលអង់គ្លេសផ្តល់ជូន។ លោកចន
សុនបានបញ្ជាក់ថា «ខ្ញុំបានជួបជាមួយទាហានអ៊ុយក្រែនមួយចំនួនក្នុងចំណោម៤០០នាក់ដែលមកហ្វឹកហាត់នៅអង់គ្លេស។
អង់គ្លេសបានផ្តល់អាវុធឱ្យអ៊ុយក្រែនមានតម្លៃដល់ទៅ២,៨ពាន់លានដុល្លារ ហើយសន្យាបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន១ម៉ឺននាក់ដើម្បីប្រើប្រាស់អាវុធរបស់អង់គ្លេស៕ ដោយធីរីណា
រូបថត : Getty Images