ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ជនសង្ស័យ ២នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ។
របាយការណ៍ដដែលបានបន្តថា ជនសង្ស័យចំនួន២នាក់នេះក្នុងចំណោមបក្សពួក៣នាក់បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតម៉ូតូ១គ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ជនរងគ្រោះចំនួន១គ្រឿង ។
ដោយឡែកចំពោះបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវដេីម្បីឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ៖អរុណរះ