គ.ជ.ប ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបោះឆ្នោត ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់សមាគម អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងគណបក្សនយោបាយទាំងអស់ស្តីពីការដាក់ និងការទទួលពាក្យ សុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ ដូចខាងក្រោម ៖

I. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ

១. ការដាក់ និងការទទួលពាក្យសុំចុះឈោ្មះអ្នកសង្កេតការណ៍ជាតិ កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញ ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេត ការណ៍របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្ដីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ។

អ្នកសង្កេតការណ៍ជាតិ ដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការពី គ.ជ.ប និងបាន ទទួលប័ណ្ណសម្គាល់អ្នកសង្កេតការណ៍ជាតិពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) រួចហើយ មានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ក្នុងរាជធានី ខេត្ត ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិ នៃរាជធានី ខេត្តនោះ ។

២. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ – កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ ផ្ដើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។
– អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវបំពេញពាក្យសុំ ចុះឈ្មោះអ្នកសង្កេតការណ៍ឱ្យបានត្រឹមត្រូវ និងត្រូវដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ របស់ខ្លួននៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០ នាទី (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩)។

គំរូពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ មានផ្តល់ជូនដោយឥតគិតថ្លៃនៅទីស្តីការ គ.ជ.ប ឬអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.ncc.gov.kh) ។

– អ្នកសង្កេតការណ៍អន្តរជាតិដែលបានទទួលស្គាល់ និងអនុញ្ញាតជាផ្លូវការ ហើយទទួលប័ណ្ណ សម្គាល់អ្នកសង្កេតការណ៍អន្តរជាតិពី គ.ជ.ប រួចហើយ មានសិទិ្ធសង្កេតមើលដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា ។

II. ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង នៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្ស នយោបាយ ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិ នោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត ។

កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ ផ្ដើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្ដីពីគណបក្សនយោបាយ មានសិទ្ធិ ចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួនតាមការចាំបាច់របស់គណបក្សដើម្បីសង្កេតមើលការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ និងតាមការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គ.ជ.ប ។

គណបក្សនយោបាយត្រូវដាក់ពាក្យសុំចុះឈ្មោះជាភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់

ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ។ – គណបក្សនយោបាយអាចទាញយកទម្រង់បែបបទលេខ ១០០៧ ពីគេហទំព័ររបស់ គ.ជ.ប(www.nec.gov.kh) “1
គ.ជ.ប សង្ឃឹមទុកជាមុនថា សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ គណបក្ស នយោបាយ កបឃ.ស និង លធ.ខប នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print