កិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីអំពីសកម្មភាពការងាររបស់សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូនប្រចាំឆមាសទីមួយ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នាថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មាធិការកណ្ដាលសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីអំពីសកម្មភាពការងាររបស់សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ប្រចាំឆមាសទីមួយ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំក្រសួង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន អង្គភាព និងប្រធាន ឬតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត សរុបប្រមាណ៥២រូប។

អង្គប្រជុំបានពិភាក្សាវាយតម្លៃអំពីការប្រែប្រួលចំនួនសមាជិកសមាជិការបស់សមាគមពោលគឺ សមាជិកចូលថ្មី សមាជិកបោះបង់ និងមរណភាព ការគ្រប់គ្រងហិរញ្ញវត្ថុទាក់ទងនឹងចំណូល-ចំណាយ និងសមតុល្យរបស់សមាគម ក្នុងគោលបំណងដើម្បីគោរពរាយការណ៍ជូនឯកឧត្តមទេសរដ្ឋមន្ដ្រី និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន និងមានមតិណែនាំផ្ដល់អនុសាសន៍បន្ថែមសម្រាប់សមាគមបន្ដអនុវត្តនៅក្នុងឆមាសទី២ ឆ្នាំ២០២២។ 

អង្គប្រជុំក៏បានកត់សម្គាល់ឃើញថា  ចំនួនសមាជិកដែលបានទទួលមរណភាពមានអត្រាខ្ពស់ ពិសេសក្នុងដំណាក់កាលនៃជម្ងឺរាត្បាតកូវីដ-១៩នេះ ធ្វើឱ្យសមាគមមានកង្វះខាតថវិកាយ៉ាងខ្លាំង និងបណ្តាលឱ្យមានបំណុលក្នុងការឧបត្ថម្ភសពសមាជិក។ សមាគមក្រោមការផ្តួចផ្តើមដឹកនាំ និងណែនាំរបស់ លោករដ្ឋលេខាធិការ បានធ្វីការអំពាវនាវដល់សន្តានចិត្តសប្បុរស និងសមានចិត្តគាំទ្រ  និងស្នើសុំការជួយឧបត្ថម្ភថវិកាពីថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងពីអង្គភាពក្រោមឱវាទ ពិសេសកំពង់ផែស្វយ័តទាំងពីរ ដើម្បីប្រមូលថវិកាបំពេញកង្វះខាតនិងរំដោះបំណុល ដែលសមាគមបានជួបប្រទះកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានគណៈកម្មាធិការក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ផងដែរ ដល់សន្តានចិត្តសប្បុរស និងសមានចិត្តគាំទ្រពីថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងពីអង្គភាពក្រោមឱវាទ ដែលផ្តល់ជាការឧបត្ថម្ភថវិកា តាមការអំពាវនាវ និងដោះបំណុលក្នុងឆ្នាំកន្លងទៅ និងនៅមានសល់ថវិកាបម្រុងខ្លះថែមទៀត។ 

សមាជិកនៃអង្គប្រជុំ ក៏បានលើកឡើងនូវចំនុចកែសម្រួល និងធាតុចូលមួយចំនួន ក្នុងនោះមានការរំលេចបន្ថែម និងជំរុញការផ្សព្វផ្សាយទិសស្លាករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ “ថ្ងៃនេះ ថ្ងៃស្អែក​ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ការស្នើរំលេចជាឧបសម្ព័ន្ធនូវតារាងឈ្មោះ និងថវិកាជួយឧបត្ថម្ភ របស់ថ្នាក់នាំក្រសួង អង្គភាព និងសប្បុរសជននានា ការរំលេចបន្ថែមក្នុងការផ្គត់ផ្គង់អគ្គិសនី និងរៀបចំប្រព័ន្ធម៉ាស៊ីនត្រជាក់នៅលេខាធិការដ្ឋានសមាគមសម្រាប់បម្រើការងារប្រចាំថ្ងៃទៅក្នុងរបាយការណ៍ខាងលើ។ អង្គប្រជុំក៏បានពិភាក្សា  និងឯកភាពលើសេចក្តីព្រាងរបាយការណ៍ទាំងស្រុង។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់អង្គប្រជុំ ដែលបានផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលបន្ថែមសំដៅកែលម្អចំណុចខ្វះខាតលើរបាយការណ៍ឱ្យកាន់តែមានភាពប្រសើរឡើង និងបានអំពាវនាវសូមឱ្យអង្គភាពនានាជួយជ្រោមជ្រែងដល់សមាគមបន្តទៀត ដើម្បីជួយគ្នាទៅវិញទៅមកទាំងផ្លូវចិត្ត សម្ភារឱ្យបានរឹងមាំ និងរីកចម្រើន ក៏ដូចជារឹតចំណងសាមគ្គីភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត សម្រាប់មន្រ្តីក្រសួងសាធារណការទាំងមូល ទាំងមន្រ្តីដែលកំពុងបម្រើការងារបច្ចុប្បន្ន និងមន្រ្តីដែលបានចូលនិវត្តន៍៕

ដោយ ; សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print