រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍៖​ កម្ពុជាជំរុញបង្កើនជើងហោះហើរជាមួយសិង្ហបុរីបន្ថែម ដើម្បីទាក់ទាញលំហូរទេសចរអន្តរជាតិនៅពេលស៉ីហ្គេម២០២៣

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅយប់ថ្ងៃ​អង្គារ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

នៅក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយឯកឧត្ដម ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៉ីហ្គេមមកដល់។

ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៉ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។

លោកថា «នៅពេលស៉ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ»។​ លោក​ បានបន្តថា សិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីស្ដីទីបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ថែមថា កម្ពុជានិងសិង្ហបុរីសង្ឃឹមថានឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួននិងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៉ីហ្គេមមកដល់។

គួរជម្រាបថា ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែសកម្មភាពជើងហោះហើរទៅមកកម្ពុជា-សិង្ហបុរីមិនបានបិទទាំងស្រុងនោះទេ គ្រាន់តែកាត់បន្ថយការហោះហើរខ្លះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្អាកនៅខេត្តសៀមរាប ប៉ុន្តែក្រោយពេលអាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញ ក្រុមហ៊ុនអាកាសចរសិង្ហបុរីក៏បានចាប់ផ្ដើមហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ និងបានបង្កើនការហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដែរ។

ភាពល្អប្រសើរឡើងវិញនេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ឡើងវិញ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាផងដែរ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ។ រយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៥លាននាក់ទៀត។ នេះបើតាមការបន្ថែមរបស់ឯកឧត្ដម ទិត ចន្ថា។

ភាគីកម្ពុជា-សិង្ហបុរីបានរំលឹកពីការប្រកាសបើកទេសចរណ៍អាស៊ានកាលពីដើមឆ្នាំ២០២២ ខណៈដែលកម្ពុជាជាប្រធានប្ដូរវេនរបស់អាស៊ាន ក្រោមការឯកភាពពីបណ្ដាប្រទេសជាសមាជិក ក្នុងនោះកិច្ចសហប្រតិបត្តិការ ការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជានិងសិង្ហបុរីក៏មានការរីកចម្រើនដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print